(ភ្នំពេញ)៖ ជាចម្លើយឆ្លើយតបខ្លីមួយ មកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក David Josa បានបញ្ជាក់ជាថ្មីថា បញ្ហាបំណុលរបស់កម្ពុជានាសម័យសាធារណរដ្ឋនោះ សហរដ្ឋអាមេរិកមានបំណងក្នុងការដោះស្រាយ ក៏ប៉ុន្តែភាគីទាំងពីរត្រូវពិភាក្សាគ្នាជាមុនសិន។

លោក David Josa អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «បំណុលទ្វេភាគី ដែល​ប្រទេសកម្ពុជាជំពាក់​សហរដ្ឋអាមេរិក គឺ​ជារឿងពិភាក្សាគ្នា​យូរ ហើយវាជាអ្វី​ដែលយើងចង់ដោះ​ស្រាយឲ្យចេញ។ តែវាត្រូវមានការ​ពិភាក្សាបន្ថែម​ទៀត មុនពេលយើង​អាចដើរទៅមុខ​បានលើរឿង​នេះ»

ប្រតិកម្មរបស់ស្ថានទូតអាមេរិក បានធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា បានទទូចម្តងហើយម្តងទៀត ដោយទាមទារឱ្យសហរដ្ឋអាមេរិក ជាពិសេសក្នុងរដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ ពិចារណាលើការលុបចោលបំណុលដែលកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋ ដឹកនាំដោយ លោក លន់ នល់។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀត ដោយបាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិកផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។

សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សងដល់វិនាសកម្មនេះ។

​មន្រ្តីកម្ពុជាបានលើកឡើងថា ចំពោះបញ្ហានេះ បើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ គឺបំណុល​ដែល​កម្ពុជាជំពាក់​សហរដ្ឋអាមេរិក នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់ ​លោក​សេនាប្រមុខ លន់ នល់ នោះ មក​ទល់​ពេល​នេះ​ មានចំនួនជិត ៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕