(កំពង់ចាម)៖ ក្រុមគណៈកម្មការចម្រុះរបស់ខេត្តកំពង់ចាម ដែលមានមន្ត្រីជំនាញ មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងអាជ្ញាធរស្រុក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានចុះពិនិត្យដល់កន្លែងកើតហេតុ បន្ទាប់ពីមានប្រជាកសិករអ្នកធ្វើស្រែប្រាំងជាង៥០០នាក់ នៅស្រុកជើងព្រៃ និងស្រុកកងមាស ខេត្តកំពង់ចាម បាននាំគ្នាចុះទៅកាប់បំផ្លាញឧបករណ៍នេសាទ នៅតាមដងអូរក្នុងភូមិសាស្ត្រ ស្រុកទាំងពីរ ដោយអះអាងថា បង្កការរាំងស្ទះផ្លូវទឹកហូរចូលទន្លេ នាំឲ្យទឹកនៅតែដក់ពេញស្រែច្រើនខកខានក្នុងការធ្វើស្រែប្រាំង។

ជាលទ្ធផល គណៈកម្មការចម្រុះបានដោះស្រាយបញ្ចប់ហើយ ដោយសំអាតនៅតំបន់ផ្លូវទឹក អាចនាំទឹកចេញពីស្រែប្រាំង ចូលទន្លេ អាចធ្វើស្រែប្រាំងបានហើយ។

ក្នុងប្រតិបត្តិការចុះពិនិត្យនៅកន្លែងកើតហេតុនោះ លោក អ៊ុក ណារិន ប្រធានការិយាល័យជលផលខេត្តកំពង់ចាម បានឲ្យដឹងថា  ឧបករណ៍នេសាទដែលកសិករអះអាងថា ជាឧបករណ៍រាំងស្ទះផ្លូវទឹកទាំងនោះ មិនមែនជាធ្នួសទេ គឺមានតែស្បៃមុងចំនួន៧កន្លែង ដែលប្រជាកសិករបានបំផ្លាញចោល។

ជាមួយគ្នានេះ ក្រុមគណៈកម្មការចម្រុះ ចាត់វិធានការសំអាតនៅតំបន់ផ្លូវទឹកនោះឲ្យទឹកហូរតាមធម្មតា ហើយប្រជាពលរដ្ឋ អាចធ្វើស្រែប្រាំងបានធម្មតាវិញ។

លោក អ៊ុក ណារិន បានបញ្ជាក់ដែរថា នៅចំណុចអូរនៅមានស្ពានឈើមួយ ដែលព្រះសង្ឃនៅវត្តស្ទឹងឆ្វេង បានសង់កាត់អូរដើម្បី ឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន នារដូវមានទឹកនេះ ហើយស្ពាននោះឆ្លងតាមការពិនិត្យរបស់ គណៈកម្មការឃើញថា មិនបង្កឲ្យស្ទះទឹកនោះទេ។

យ៉ាងណាក៏ដោយ លោក អ៊ុក ណារិន ប្រធានជលផលខេត្ត បានអះអាងថា មកដល់ពេលនេះ ស្ថានភាពនៅកន្លែងកើតហេតុ មានការស្ងប់ស្ងាត់ធម្មតាទេ ៕