(ហ្សឺណែវ, ស្វីស)៖ លោកបណ្ឌិត មូគីសា គីទូយី (Dr. Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានថ្លែងសន្យាផ្តល់ជំនួយក្នុងការវិភាគចរចាទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជួយដល់ប្រទេសមានការអភិវឌ្ឍតិចតួច។

ការថ្លែងសន្យានេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ និង លោកបណ្ឌិត មូគីសា គីទូយី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ ជំនួបពិភាក្សាធ្វើឡើង ក្នុងគោលបំណងស្នើសុំឲ្យ UNCTAD ជួយជ្រោមជ្រែងគាំទ្រកម្ពុជាក្នុងការងារជាប្រធានសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ស្នើសុំជំនួយបច្ចេកទេសនានា និងអញ្ជើញលោកបណ្ឌិត មូគីសា គីទូយី ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងប្រារព្ធធ្វើនៅប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧ នេះ។

យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងជំនួបនោះ លោកបណ្ឌិត មូគីសា គីទូយី បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើសេចក្តីសម្រេចរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលជ្រើសរើសកម្ពុជា ឲ្យធ្វើជាប្រធាន ហើយលោកក៏បានវាយតម្លៃខ្ពស់ ដល់គោលបំណងរបស់កម្ពុជា ក្នុងការបង្កើតស្ថានបេសកកម្មថ្មី។

លើសពីនេះUNCTAD ក៏សន្យាថានឹងផ្តល់ជំនួយក្នុងការវិភាគ លើការចរចាទាញយកផលប្រយោជន៍ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាការនាំចេញដោយរួចពន្ធ និងមិនជាប់កូតា (Duty Free-Quota Free) ការទទួលបានភាពអនុគ្រោះ លើវិធានប្រពភដើមទំនិញ និងផលប៉ះពាល់ ដែលកើតចេញមកពីការធ្វើពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

ជាមួយនឹងការផ្ដល់ជំនួយនេះផងដែរ លោកបណ្ឌិត មូគីសា គីទូយី ក៏បានផ្តល់អ្នកជំនាញការ គឺលោក ស្តេហ្វាណូ អ៉ីណាម៉ា (Stephano Inama) ដើម្បីបន្តជួយលើការងារទាក់ទងនឹងវិធានប្រភពដើមទំនិញ និងការកំណត់ទីតាំងភូមិ សាស្រ្តទំនិញ (Geographical Indication) ដូចជាស្ករត្នោតកំពង់ស្ពឺ ម្រេចកំពត ជាដើម។

ទាក់ទងនឹងការកំណត់ទីតាំងភូមិសាស្ត្រទំនិញ លោកបណ្ឌិត មូគីសា គីទូយី ក៏បានសន្យាថា នឹងពិចារណាលើផ្តល់ជំនួយបច្ចេកទេសសម្រាប់ធ្វើការវិភាគ ក្នុងការដាក់ទំនិញផ្កាអំបិល ជាទំនិញកំណត់ទីតាំងភូមិសាស្ត្រ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ផងដែរ។ ជាចុងក្រោយ Dr. Mukhisa Kituyi នឹងពិចារណាក្នុងការចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ២០១៧៕