(ភ្នំពេញ)៖ លទ្ធផលនៃការបង្រ្កាបបទល្មើសគ្រឿងញៀន នៅរាជធានីភ្នំពេញ បានកើនឡើងទ្វេដង នៅអំឡុងឆ្នាំ២០១៦ កន្លងទៅនេះ ខណៈការឃាត់ខ្លួនជនពាក់ព័ន្ធនឹងគ្រឿងញៀន នៅឆ្នាំនោះបានរហូតដល់ ២៨០២នាក់។ នេះបើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ ដែលបានបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។

របាយការណ៍បានបង្ហាញថា ការបង្រ្កាបបទល្មើសគ្រឿងញៀននៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៦ បានចំនួន៩៧០ករណី ដែលកើនឡើង៥០៧ករណី បើធៀបនឹងឆ្នាំ២០១៥។ ចំណែកការឃាត់ខ្លួនជនល្មើសគ្រឿងញៀន នៅរាជធានីភ្នំពេញ ក៏មានចំនួន២៨០២នាក់ ដែលកើនឡើងចំនួន១៥៤២នាក់ ផងដែរ ក្នុងនោះមានជនបរទេស៣០នាក់ ជនជាតិខ្មែរ២៧៧២នាក់។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ដដែលនេះ បទល្មើសព្រហ្មទណ្ឌ នៅក្នុងរាជធានីភ្នំពេញ បានកើនឡើងប្រមាណ១៦៨ករណី ក្នុងឆ្នាំ២០១៦ ខណៈការឃាត់ខ្លួនជនល្មើសក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ មានចំនួន១១៥៤នាក់។ បទឧក្រិដ្ឋកើតឡើង១៨២ករណី កើនឡើង១ករណី និងបទមជ្ឈឹមចំនួន៧៥១ករណី កើនឡើង១៦៧ករណី៕