(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ ហៅកាត់ថា ស៉ីម៉ាក់ ជាអ្នកដឹកនាំប្រតិបត្តិការដោះមីននៅលើផ្ទៃកម្ពុជានោះបាន ប្រកាសប្រឆាំងដាច់ណាត់ ចំពោះជនដែលលើកឡើងឲ្យរាជរដ្ឋាភិបាលកម្ពុជា សងបំណុលដែលជំពាក់អាមេរិកជិត ៤០០លានដុល្លារ, ហើយលោកចាត់ទុកថា ការលើកឡើងរបស់ជនមួយចំនួននោះ គឺជាការបន្ថែមក្តីឈឺចាប់ ដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិក។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហេង រតនា ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ វិទ្យុអាស៊ីសេរី នៅភ្នំពេញបានចេញផ្សាយក្នុងន័យជំរុញឲ្យ រាជរដ្ឋាភិបាលកម្ពុជា សងបំណុលរបស់អាមេរិក ដែលជំពាក់តាំងពីសម័យ លន់ណុលមកម្ល៉េះ ទាំងអាមេរិកជា ប្រទេសដែលទម្លាក់គ្រាប់បែក សម្លាប់ប្រជានកម្ពុជា ជាងកន្លះលាននាក់ដោយផ្ទាល់ និងបន្សល់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់ទៀតនៅក្នុងដី។

លោក ហេង រតនា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា «ការផ្សាយរបស់វិទ្យុអាស៉ីសេរី ក្នុងន័យឲ្យរាជរដ្ឋាភិបាល ត្រូវសងបំណុលអាមេរិក, ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំយល់ថា គឺជាការបន្ថែមនូវការឈឺចាប់ ដែលមិនអាចបំភ្លេចបាន របស់ប្រជាជនខ្មែរ។ ក្នុងនាមខ្ញុំជាអ្នកប្រតិបត្តិការដោះមីន ខ្ញុំសូមប្រឆាំងដាច់ណាត់»

អគ្គនាយករូបនេះ បានលើកឡើងថា បំណុលជិត៤០០លានដុល្លារ ដែលកម្ពុជាជំពាក់អាមរិកនេះ មិនអាចប្រៀបផ្ទឹមបាននឹងការឈឺចាប់ ទុក្ខវេទនា និងអាយុជីវិតរបស់បងប្អូនខ្មែរ ដែលបានស្លាប់ដោយសារគ្រាប់បែក ដែលទម្លាក់ដោយអាមេរិក ស្លាប់ជាងកន្លះលាននាក់នោះទេ ខណៈគ្រាប់មិនទាន់ផ្ទុះជាច្រើនលានគ្រាប់ទៀត កំពុងកប់ក្រោមដីកម្ពុជា ហើយបាននឹងកំពុងគំរាមកំហែង ដល់អាយុជីវិតរបស់ប្រជាជនផងដែរ។ ដូច្នេះបើឈរលើគោលការណ៍សច្ចធម៌ អាមេរិកមិនត្រឹមតែ ត្រូវលុបបំណុលរបស់កម្ពុជាទេ គឺគួរតែសងថ្លៃខូចខាត រួមទាំងគាំទ្រសកម្មភាពដោះមីន និងអភិវឌ្ឍន៍តំបន់ដែលរងផលប៉ះពាល់ ដែលខ្លួនបានទម្លាក់ មកលើទឹកដីកម្ពុជា។

លោក ហេង រតនា និយាយថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវ បានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺន​កន្លែង។

អគ្គនាយកស៉ីម៉ាក់រូបនេះ បានលើកឡើងថា ​«តើមានមូលហេតុអ្វី ដែលអាមេរិករំលោភសិទិ្ធ ប្រជាជនកម្ពុជាម្តងជា២ម្តងបែបនេះ? កាកសំណល់សង្គ្រាម របស់អាមេរិកទាំងនេះ បន្តសម្លាប់និងធ្វើឱ្យរបួសប្រជាជន ស្លូតត្រង់កម្ពុជាយ៉ាងអយុតិ្តធម៌បំផុត​!​ មិនត្រឹមតែប៉ុណ្ណោះ កំពុងធ្វើឱ្យកូនខែ្មរជំពាក់ជាន់ក​ ដោយសារសង្គ្រាមអាមេរិក-វៀតណាម ឡើងចំនួនជិត៤០០លានដុល្លាទៅហើយ! គេយកដំបងដ៏ធំមកវាយ សំពងសម្លាប់យើង ​តែមិនស្លាប់​ គេបែរជាមកទារសងថ្លៃដំបង​ មិនគិតប្រឹងជួយព្យបាលរបួសធ្ងន់ធ្ងរនោះទេ! តើយុតិ្តធម៌ និងការគោរពសិទិ្ធមនុស្សនៅឯណា​ សំរាប់ប្រជាជនកម្ពុជា ដែលរងទុក្ខសោកនោះ?»

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងឱកាសចូលរួមក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។

ដោយសម្តេចតេជោ បានចាត់ទុកថា អាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រទេសមហាអំណាច៕

សូមស្ដាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៖