(ហ្សឺណែវ, ស្វីស)៖ លោកស្រី អារ៉ានចា ហ្គុងហ្សាលេ (Arancha González) នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានសន្យាជួយប្រទេសកម្ពុជា ក្នុងការវិភាគលើចំណុចចរចាសំខាន់ៗ ដែលនឹងត្រូវដាក់ស្នើក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១១ ក្នុងប្រទេសអាហ្សង់ទីន នាចុងឆ្នាំនេះ ដើម្បីទាញយកអត្ថប្រយោជន៍អតិបរិមា សម្រាប់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

ការសន្យានេះ បានធ្វើឡើងដើម្បីឆ្លើយតបសំណើផ្លូវការរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងជំនួបពិភាក្សាទ្វេរភាគី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។

លោកស្រី អារ៉ានចា ហ្គុងហ្សាលេ ក៏បានសន្យាជួយវិភាគផលប៉ះពាល់លើវិស័យវាយនភ័ណ្ឌរបស់កម្ពុជា និងរៀបចំជាគម្រោងពង្រឹងសមត្ថភាពផ្សេងៗ ដើម្បីទាញយកជំនួយសម្រាប់ពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយចំណាយ ដែលជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកស្រីនាយិកាប្រតិបត្តិ ក៏បានសំដែងការស្វាគមន៍ និងគាំទ្រពេញទំហឹង ចំពោះការបង្កើតឲ្យមានស្ថានបេសកកម្មអចិន្រ្តៃយ៍ថ្មីរបស់កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ដើម្បីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងវិនិយោគ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកស្រី អារ៉ានចា ហ្គុងហ្សាលេ ដែលបានប្តេជ្ញាជួយគាំទ្របេក្ខភាពរបស់កម្ពុជា ក៏ដូចជាគម្រោងបង្កើតស្ថានបេសកកម្មអចិន្រ្តៃយ៍ថ្មី របស់កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេង សម្រាប់វិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕