(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាស​ ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានបន្តចុះស្វែងរកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលដាក់លក់នៅផ្សារម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែករក្សាសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់ប្រជាពលរដ្ឋ។

យុទ្ធនាការចុះស្វែងរកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ខាងលើនេះ បានធ្វើឡើងដឹកនាំដោយលោក ស៊ុ ណារុណ អគ្គនាយករងកាំកុងត្រូល និងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត។

លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងថា នៅក្នុងយុទ្ធនាការនាព្រឹកនេះ ក្រុមការងារបានរកឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន៥៦គីឡូក្រាម រួមមាន៖ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករគ្រាប់ នំកញ្ចប់ មីកំប៉ុង និងមីកញ្ចប់។

បើតាមលោក ហុង លៀង ក្រោមការណែនាំ និងដឹកនាំពីលោក ស៊ាន​ ស៊ីណាត មន្រ្តីរបស់លោកនឹងបន្តការងារនេះជាប្រចាំ នៅតាមផ្សារ ក៏ដូចជាកន្លែងលក់ដូរនៅក្នុងខេត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់ការលក់ទំនិញដែលខូចគុណភាព និងហួសដឺឡេទាំងនេះ៕