(ភ្នំពេញ)៖ ពានរង្វាន់ដែលមានឈ្មោះថា «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញឡើងទទួលនៅរសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ គឺមាន៥នាក់មកហើយ ក្នុងនោះក៏មានអតីតប្រមុខដឹកនាំ UN លោក បាន គីមូន ក៏ធ្លាប់ឈ្នះពានដ៏មហាអស្ចារ្យនេះម្តងដែរ។

តាមគេហទំព័រ Wikileak បានឲ្យដឹងថា ពានរង្វាន់ IOC President’s Trophy គឺជាពានដ៏អស្ចារ្យបំផុត និងកម្រ មានកីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំរូបណាឈ្នះឡើយ ក្នុងចំណោមពានទាំង៥ របស់ស្ថាប័នដែលគ្រប់គ្រងកីឡាទាំងអស់នៅលើសកលលោកមួយនេះរួមមានពាន Pierre de Coubertin, ពាន Olympic Cup, ពាន Olympic Order និងពាន Olympic Laurel។

ពាន IOC President’s Trophy នោះដែរ អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន ក៏ធ្លាប់ទទួលម្តងដែរកាលពីខែតុលា ឆ្នាំ២០១៥ ក្នុងអំឡុងសមាជប្រចាំឆ្នាំរបស់ IOC ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដោយធ្វើការប្រគល់ដោយលោកប្រធាន IOC លោក Thomas Bach តែម្តង។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Thomas Bach ក៏បានធ្វើការប្រគល់ពាននេះទៅឲ្យលោក Bruno Grandi ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធអន្តរជាតិ។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ កីឡាករជិះទូកក្តោងដ៏ល្បីរបស់ប្រទេសបារាំង បានទទួលពាន IOC President’s Trophy ម្តងដែរ បន្ថែមលើមេដាយមាស ដែលរូបគេឈ្នះក្នុងឱកាសប្រកួតជើងឯកជិះទូកក្តោងប្រចាំឆ្នាំ២០១៤ មុន២ខែ ម្ចាស់មេដាយមាស កីឡារត់ពាក់កណ្តាលម៉ារ៉ាតុង ៣សម័យកាល Dario Cologna ជនជាតិស្វីសធ្លាប់បានម្តងដែរ កាលពីចុងឆ្នាំ២០១៤ ក្រៅពីស្តេចរត់លឿនជាងគេលោក Usain Bolt ជនជាតិចាម៉ៃកា ធ្លាប់បានទទួលម្តងកាលពីអំឡុង Rio 2016 នៅប្រទេសប្រេស៊ីល។

តែយ៉ាងណាមិញ គេហទំព័រ IOC និងប្រភពទីភ្នាក់ងារសារព័ត៌មានណាមួយ មិនបានបញ្ជាក់ច្បាស់ថា តើមានកីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំប៉ុន្មាននាក់ទទួលបានពាន ដ៏មហាវិសេសវិសាលនេះទេ ហើយបេក្ខជនរូបណាទទួលបានមុនគេដែរ បើទោះបីជាគណៈកម្មាធិការអូឡាំពិក អន្តរជាតិមួយនេះមានអាយុកាល ១២២ឆ្នាំ គិតចាប់តាំងបង្កើតដំបូងក្នុងឆ្នាំ១៨៩៤ ក៏ដោយ៕