(ភ្នំពេញ)៖ មន្ត្រីជំនាញ មកពីសាខាកាំកុងត្រូលផែស្ងួត ចុងទី-ភ្នំពេញ បានបើកការផ្សព្វផ្សាយ ចំណេះដឹងមូលដ្ឋានស្តីពី សុវត្ថិភាព ម្ហូបអាហារ ដល់តំណាងសិស្សានុសិស្ស ចំនួន ២០០នាក់ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី។

លោក ខៀវ បញ្ញាវឌ្ឍន៍ តំណាងគ្រូបង្គោល សុវត្ថិភាពម្ហូបអាហារ ដែលបានដឹកនាំវគ្គផ្សព្វផ្សាយនេះ បានឲ្យដឹងថា វគ្គផ្សព្វផ្សាយ «សុវត្ថិភាពការម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ត្រូវបាននិងកំពុងធ្វើក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន កាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឯកភាពគ្នាជាគោលការណ៍ដើម្បីអនុញ្ញាត ឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូលធ្វើការចែករំលែកចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាព ម្ហូបអាហារ និងវិធានការ ពាក់ព័ន្ធ រួមនឹងការចុះត្រួតពិនិត្យផលិតផលនិងម្ហូបអាហារ នៅក្នុងនិងជុំវិញ បរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាសាធារណៈ នៅទូទាំងប្រទេសកម្ពុជា។

តំណាងឲ្យលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ គ្រូបង្គោលរូបនេះមានប្រសាសន៍ថា ដោយផ្អែក លើយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិដែលយក«សុវត្ថិភាពម្ហូបអាហារ» ជាអទិភាពទី១ ក្នុងចំណោមអទិភាពទាំង១២ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានជំរុញឲ្យ មានការផ្សព្វផ្សាយធំមួយ ទូទាំងប្រទេស ដើម្បីបញ្ជ្រាបចំណេះដឹងជាមូលដ្ឋាន អំពី«សុវត្ថិភាពម្ហូបអាហារ និង កិច្ចកាអ្នកប្រើប្រាស់» នេះដល់អាជ្ញាធរ មូលដ្ឋាន អ្នកនាំចូល អ្នកផលិត អ្នកចែកចាយ អ្នកប្រើប្រាស់ និង សិស្សានុសិស្សគ្រប់កំរិត។

ដោយឡែក សាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ ក្រៅពីចុះត្រួតពិនិត្យទំនិញម្ហូបអាហារនិងអប់រំផ្សព្វផ្សាយអាជីវករលក់ដូរ តាមបណ្តាទីផ្សារក្នុងរាជធានីភ្នំពេញ សាខាក៏បានបញ្ជូនមន្ត្រីជំនាញឲ្យចុះតាមគ្រឹះស្ថានសិក្សាដើម្បីផ្សព្វផ្សាយចំណេះដឹង អំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស ដើម្បីអោយពួកគាត់មានការយល់ដឹងជាមូលដ្ឋាន អំពីរបៀបគ្រប់គ្រង របៀបជ្រើសររើស របៀបចំអិន ម្ហូបអាហារ ក៏ដូចជារបៀបនៃការធ្វើអនាម័យមុននិងក្រោយចំអិននិងបរិភោគម្ហូបអាហារ។
លើសពីនេះទៅទៀត គោលដៅនៃវគ្គផ្សព្វផ្សាយ គឺធ្វើឡើងក្នុងបំណងឲ្យសិស្សានុសិស្សមានការយល់ដឹងច្បាស់អំពីវិទ្យាសាស្ត្រ ម្ហូបអាហារ រួមមានលក្ខ័ណ្ឌទាំងឡាយ ដែលធ្វើឲ្យបាក់តេរីក្នុងម្ហូបអាហារលូតលាស់ និងហានិភ័យធំៗបង្កឲ្យផលិតផល ម្ហូបអាហារពុំមានសុវត្ថិភាព ដែលទាំងនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងទៀតថា មាត្រាសំខាន់ៗ នៃសិទ្ធអ្នកប្រើប្រាស់ និងកាព្វកិច្ចរបស់អ្នកប្រកបអាជីវកម្ម ម្ហូបអាហារ ដែលមានចែងក្នុងច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ត្រូវបាន លើកយកមកបង្ហាញជាមូលដ្ឋានគ្រឹះក្នុងវគ្គនេះ។

វគ្គផ្សព្វផ្សាយក៏បានដាក់បញ្ចូលផងដែរនូវចំណុចសំខាន់នានា ដែលមានចែងក្នុងអនុក្រិត្យលេខ៤៧ ស្តីពី«អនាម័យម្ហូបអាហារ សំរាប់មនុស្ស» និងក្នុងប្រកាសអន្តរក្រសួង លេខ៨៦៨ ស្តីពី «ការអនុវត្តន៍និងការរៀបចំសំរបសំរួលស្ថាប័នកិច្ច នៃប្រព័ន្ធគ្រប់គ្រង សុវត្ថិភាព ម្ហូបអាហារ ចាប់ពីកសិដ្ឋានផលិត ដល់តុបរិភោគ»

ក្នុងមតិបិទវគ្គផ្សព្វផ្សាយ លោកខៀវ បញ្ញាវឌ្ឍន៍ បានពាំនាំបណ្តាំផ្តាំផ្ញើរបស់លោក ម៉ក់ ពេជ្ជរិទ្ជ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល សូមឲ្យយុវវ័យគ្រប់រូប ដែលជាទំពាំងស្នងឬស្សី ប្រទេសជាតិត្រូវតែ យកចិត្តទុកដាក់ស្វែងយល់អំពីសុវត្ថិភាពម្ហូបអាហារ។

លើសពីនេះ សុវត្ថិភាពម្ហូបអាហារ តែមួយមុខ មិនគ្រប់គ្រាន់ឡើយ សូមឲ្យប្អូនៗ «ឆ្លើយថាទេ !» ចំពោះគ្រឿងញៀន និង ជៀសវាងការសេពគ្រឿងស្រវឹង និង ជក់បារី ដែលកត្តាទាំងនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ ដល់សុខមាលភាពគ្រួសារ និងសង្គមតាម រយៈការដុតបំផ្លាញសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ៕