(ភ្នំពេញ)៖ ពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីប្រធានតុលាការរាជធានី ព្រះរាជអាជ្ញា ស្នងការ មេបញ្ជាការ អធិការខណ្ឌ~មេបញ្ជាការខណ្ឌទាំង១២ អភិបាលខណ្ឌ~រង ទាំង១២ និងចៅសង្កាត់ទាំង៩៦។

​នៅក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ រួម​នឹង​ផ្នែក​ពាក់ព័ន្ធ​នៃ​មន្ទីរជំនាញ មាន​ទិសដៅ​អភិវឌ្ឍ​រួមគ្នា ជា​អាទិភាព​ចំនួន៤ ត្រូវអនុវត្ត​បន្ត ដើម្បី​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

ក្នុងនោះរួមមាន ៖១~ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព, ២~ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារ, ៣~ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ, ៤~ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងការទប់ស្កាត់សំណង់ខុសច្បាប់។

​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ថា ក្នុង​ឆ្នាំ​២០១៦ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​ខិតខំ​ជម្នះ ពុះពារ​រាល់​ការលំបាក​ស្មុគស្មាញ និង​អនុវត្ត​គ្រប់​វិធានការ ពិសេស​ការចាត់តាំង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព បាន​កាន់តែ​ល្អ​ធានាបាន​សភាពការណ៍ សន្តិសុខ​ទូទៅ​ក្នុង​រាជធានី ក្នុងនោះ​គួរ​ឲ្យ​កត់សម្គាល់​សកម្មភាព​បង្កចលាចល​នយោបាយ និង​អំពើ​ភេរវកម្ម​ត្រូវបាន​ទប់ស្កាត់​មិន​ឲ្យ​កើតមាន អំពើ​ប្លន់​ប្រដាប់អាវុធ​ក្មេង​ទំនើង និង​គ្រឿងញៀន ត្រូវបាន​យកចិត្តទុកដាក់​បង្ក្រាប​បានជា​បន្តបន្ទាប់ ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​ប្រជាជន វិនិយោគិន និង​ភ្ញៀវទេសចរ​។

សភាពការណ៍​ខាងលើនេះ បានផ្តល់​នូវ​ភាពអនុគ្រោះ​ដល់​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ វិសហមជ្ឈការ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់​អគារ​ខ្ពស់ៗ ទីក្រុង​រណប និង​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​។​

​លោកប៉ា សុជាតិ​វង្ស បាន​បន្ថែមថា ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ខាងលើ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ​ឲ្យ​បានល្អ​នាពេលខាងមុខ ដូចជា បញ្ហា​សន្តិសុខភាព និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ ក្មេង​ទំនើង និង​គ្រឿងញៀន​នៅតែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ​។

បញ្ហា​ចរាចរណ៍ និង​សណ្តាប់​ធ្នាក់​តាម​ដងផ្លូវ​នៅតែ​ជា​បញ្ហា​ចោទ អាស្រ័យ​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​មធ្យោបាយ​យានយន្ត និង​ប្រជាជន​។ បញ្ហា​គ្រោះ​អគ្គិភ័យ នៅតែ​ជា​កង្វល់​ដ៏​ធំ​របស់​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​។

លោកបន្តថា ប្រព័ន្ធ​ដឹកជញ្ជូន​និង​ប្រព័ន្ធ​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ​មិនទាន់បាន​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ ខ្វះ​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅតាម​បណ្តា​សង្កាត់​ជាយ​រាជធានី​ភ្នំពេញ​។

ជាចុងបញ្ចប់អង្គសន្និបាតសូមស្នើដល់ សមាជិកសមាជិកា នៃអង្គសន្និបាទទាំងមូល មានការយកចិត្តទុកដាក់ តាមកម្មវិធីនៃអង្គសន្និបាទ សុំយកអស់បញ្ញាញាណស្មារតី ចែករំលែក មេរៀនបទពិសោធន៍ ដែលបានអនុវត្តកន្លងអោយបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមរបស់រដ្ឋបាលរាជធានី នៅឆ្នាំ២០១៧ និងត្រូវធានាអោយអង្គសន្និបាទដំណើរការដោយរលូន៕