(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កាកាប បានចុះទៅបង្ក្រាបហាងម៉ាស្សា និងកោសជប់មួយកន្លែង មានបង្កប់សេវាបម្រើផ្លូវភេទពេញទំហឹង​ ដាក់ស្លាកយីហោ «លាភរហូត» ក្នុងនោះកម្លាំងចម្រុះបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៦នាក់ ដកហូរបានស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន រួមជាមួយលុយដុល្លារក្លែងក្លាយជាច្រើទៀត។

ប្រតិបត្តិការខាងលើ បានធ្វើឡើងនៅល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដែលទីតាំងហាងម៉ាស្សាកោសជប់ យីហោលាភរហូតនោះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីប្រតិបត្តិការបានឲ្យដឹងថា មនុស្សដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះ មានស្រី៥នាក់ និងខ្ទើយម្នាក់ ដែលសង្ស័យថា ជាអ្នករកស៊ីបម្រើសេវាផ្លូវភេទ។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលបានរកឃើញ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន ដែលបញ្ជាក់ថា ទីតាំងម៉ាស្សាកោសជប់មួយនេះ មានបង្កប់សេវាបម្រើផ្លូវភេទ។

 ក្រៅពីនេះកម្លាំងនគរបាលបានរកឃើញលុយក្លែងក្លាយ ចំនួន៥៧០ដុល្លារ បញ្ជាក់ថា ក្រុមនេះទុកសម្រាប់បន្លំដូរយកលុយភ្ញៀវ ដែលចូលទៅម៉ាស្សាកោសជប់ និងរួមភេទ នៅក្នុងហាងរបស់ខ្លួន។

ប្រភពដដែលបានបន្តថា ទីតាំងម៉ាស្សាកោសជប់យីហោលាភរហូតនោះ បានប្រព្រឹត្តខុសច្បាប់ទាំងស្រុង ព្រោះបានបង្កប់សេវារកស៊ីផ្លូវភេទនៅទីនោះ ហើយអាចនឹងការបិទ ឈប់ឲ្យដំណើរការតទៀត។ ដោយឡែកមនុស្ស និងវត្ថុតាងត្រូវបានកម្លាំងនគរបាល នាំទៅសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

មន្រ្តីនគរបាលបានបញ្ជាក់ថា «មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងនគរបាលយើង បានចុះស៊ើបអង្កេតជាយូរមកហើយ ក្រោយពេលដឹងច្បាស់ថាខុសច្បាប់ ទើបបើកប្រតិបត្តិការចុះបង្ក្រាបតែម្ដង»