(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសង្ស័យជារបស់ទាហានខ្មែរក្រហមជាង៥០០គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងព្រៃជ្រៅ ហើយបានរាយការណ៍មកសមត្ថកិច្ច ឲ្យចុះពិនិត្យមើល និងអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាព។

ក្នុងប្រតិបត្តិការ ចុះពិនិត្យមើល និងអន្តរាគមន៍ខាងលើនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ដោយបានការចូលរួមពីកម្លាំងចម្រុះ ចាប់ពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៧ ទើបប្រទះឃើញនៅចំណុចក្បាលស្ទឹង៧០(ព្រៃជ្រៅ) ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាមខាងលើនេះ កម្លាំងចម្រុះបានប្រទះឃើញគ្រាប់សរុបជាង ៥០០គ្រាប់ ក្នុងនោះមានគ្រាប់១២០អុកមីលីម៉ែត្រ គ្រាប់១០០មីលីម៉ែត្រ គ្រាប់ដេកា៨២មីលីម៉ែត្រ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់៤០មីលីម៉ែត្រ។

លោកអធិការបានបន្តថា បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាង៥០០គ្រាប់ ត្រូវបានកម្លាំងរបស់លោករាយការណ៍ទៅស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការទំនាក់ទំនងជាមួយបុគ្គលិកHallo Trust ចុះមកយកគ្រាប់ទាំងនោះ ទៅរក្សាទុក្ខនៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការកម្ទេចចោល។

ជាមួយគ្នានោះ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ(Hello Trust) ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕