(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ុល សុផា បានថ្លែងប្រាប់ អង្គភាព Fresh News នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស្ងួត ចំនួន១៤៥,២០០តោន ដែលគិតជាទឹកប្រាក់ ប្រមាណជាង១៨០លានដុល្លារអាមេរិក។

ជាមួយគ្នានេះអគ្គនាយករូបនេះ បានបញ្ជាក់ថា តម្លៃកៅស៊ូបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពល្អ ហើយតម្លៃជ័រកៅស៊ូ នៅតែរំពឹងថា មាននិន្នាការកើនឡើងជាបន្តទៀត។

បច្ចុប្បន្នតម្លៃកៅស៊ូស្ងួត ថ្លៃពី៦៥០០រៀល ដល់៧០០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់។ តម្លៃនេះ បានធ្វើឲ្យអ្នកដំា កៅស៊ូទាំងលក្ខណៈគ្រួសារ និងកសិឧស្សាហកម្ម បានផលចំណេញ បន្ទាប់ពីជួបប្រទះបញ្ហាធ្លាក់តម្លៃដ៏អាក្រក់ ក្នុងរយៈពេល៨ឆ្នាំរួចមក។

លោក ប៉ុល សុផា បានពន្យល់ថា មូលហេតុដែលនាំឲ្យជ័រកៅស៊ូឡើងថ្លៃមកវិញ ដោយសារតែស្ថានភាព សេដ្ឋកិច្ចពិភពលោក ពិសេសសេដ្ឋកិច្ចអាមេរិក និងចិន នៅតែមានកំណើន, ការផ្គត់ផ្គង់ជ័រកៅស៊ូ មិនលើសតម្រូវការទីផ្សារ, នៅឆ្នាំ២០១៥ និង២០១៦ កន្លងមកនេះ ប្រទេសដាំកៅស៊ូមួយចំនួន ផ្អាកជៀជ័រកៅស៊ូ, នៅដើមឆ្នាំនេះ​ ប្រទេសថៃដែលប្រទេសដាំ កៅស៊ូដ៏ធំមួយ បានជួបបញ្ហាទឹកជំនន់ បានឲ្យប៉ះពាល់ដល់ការជៀជ័រកៅស៊ូ ប្រមាណ៣០ម៉ឺនតោនផងដែរ។

លោក ប៉ុល សុផា បានបញ្ជាក់ថា គិតមកដល់ចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា បើធៀបនឹងឆ្នាំ២០១៥ មានចំនួន ៣៨៨,៩៥៥ហិកតា កើនឡើង ៤២,៣៧៧ហិកតា ស្មើនឹង១០.៩ភាគរយ ក្នុងនោះផ្ទៃដីចំការកៅស៊ូ កសិឧស្សាហកម្ម ចំនួន ២៧៦,៨៧៨ហិកតា ស្មើនឹង៦៤.១៩ភាគរយ និងផ្ទៃដីចំការកៅស៊ូគ្រួសារចំនួន ១៥៤,៤៥៥ហិកតា ស្មើនឹង៣៥.៨១ភាគរយ។ ចំពោះផ្ទៃដីកៅស៊ូជៀរជ័រមានចំនួន ១២៧,២៧២ហិកតា បើធៀបនឹងឆ្នាំ២០១៥ កើនឡើង១៤.៤២ភាគរយ៕