(អាមេរិក)៖ វាមិនមែនជារឿងងាយនោះទេក្នុងការឈ្វេងយល់ថា តើអ្វីជាគោលដៅនៃគោលនយោបាយរបស់ប្រធានាធិបតីណាមួយ រហូតទាល់តែមេដឹកនាំទាំងនោះចុះចេញពីដំណែង។ ប៉ុន្តែសម្រាប់គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាកំហុសឆ្គងនយោបាយការបរទេសដ៏ធ្ងន់ធ្ងរមួយរបស់លោក អូបាម៉ា។

លោក អូបាម៉ា ធ្លាប់បានលើកឡើងថា លោកផ្ទាល់គឺជាប្រធានាធិបតីអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីកទីមួយ ហើយការផ្តោតភាពសំខាន់ទៅលើតំបន់អាស៊ី ត្រូវបានបណ្តាអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះចាត់ទុកថា ជាជោគជ័យដ៏ធំធេងមួយ ដែលជួយរក្សាតុល្យភាពគោលនយោបាយការបរទេសអាមេរិក ដោយការបន្ថយការអន្តរាគមន៍នៅតំបន់មជ្ឈឹមបូព៌ា និងងាកទៅកាន់តំបន់អាស៊ីដែលថ្មីៗនេះត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សម្រាប់សតវត្សរ៍ទី២១នេះ។

តែអ្វីដែលជាការពិតគឺថា ការផ្តោតសំខាន់ទៅលើតំបន់អាស៊ី គឺជាកំហុសមួយដែលបង្កឱ្យតំបន់ផ្សេងទៀតលើពិភពលោក ក្លាយជាអ្នករងគ្រោះទៅវិញ។ គោលនយោបាយនេះ ត្រូវបានបង្កើតឡើងដោយសារកំហុសឆ្គងក្នុងការវាយតម្លៃ។ ជាក់ស្តែងអាមេរិកបានសន្និដ្ឋានថា កន្លងមកគោលនយោបាយ ការបរទេសរបស់ខ្លួន បានមើលរំលងភាពសំខាន់របស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ការសន្និដ្ឋានបន្ថែមទៀតបានលើកឡើងថា ការកើនឡើងនូវតួនាទីរបស់តំបន់អាស៊ី កំពុងត្រូវការវត្តមានយោធាអាមេរិកបន្ថែមទៀត។ ឆ្លើយតបការសន្និដ្ឋានដ៏ខុសឆ្គងនេះ សហរដ្ឋអាមេរិកបានសម្រេចដកទ័ពពីតំបន់មជ្ឈឹមបូព៌ា និងតំបន់ផ្សេងទៀត ដើម្បីទៅបំពេញនៅតំបន់អាស៊ី។

ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលលោក អូបាម៉ា គ្រោងបង្កភាពតានតឹងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លៀតឱកាសបង្កើនឥទ្ធិពលរបស់ខ្លួន ដោយភ្លេចថា វាក៏ជាការបង្កឱ្យតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបធ្លាក់ក្នុងស្ថានភាពកាន់តែហ្វឹកវរជាងពីមុនផងដែរ ដែលជាលទ្ធផលនៃភាពព្រងើយកន្តើយរបស់អូបាម៉ា។

គោលនយោបាយថ្មីនេះ រួមបញ្ជូលទាំងការបង្កើនទំនាក់ទំនងការទូតជាថ្មី ជាមួយបណ្តាប្រទេសនៅអាស៊ី ជាក់ស្តែងដូចជាប្រទេស មីយ៉ាន់ម៉ា ជាដើម។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទពិតប្រាកដ គឺវាជាការផ្លាស់ប្តូរគោលនយោបាយសន្តិសុខ និងកិច្ចការពារជាតិរបស់ប្រទេសផ្សេងទៀត។

អ្នកវិភាគបានបញ្ជាក់ថា វាជាដំណាក់កាលដ៏យ៉ាប់យ៉ឺន និងអាក្រក់បំផុតសម្រាប់លោក អូបាម៉ា ក្នុងការអនុវត្តគោលនយោបាយ «សហរដ្ឋអាមេរិក ឆ្ពោះទៅតំបន់អាស៊ី» ដែលត្រូវបានគេមើលឃើញថា វាងាយសម្រាប់ការនិយាយ តែវាមិនអាចក្លាយជាការពិតបានឡើយ។ គោលនយោបាយ «ឆ្ពោះទៅកាន់តំបន់អាស៊ី» របស់លោក អូបាម៉ា ត្រូវបានគេពណ៌នាថា ជាយុទ្ធសាស្ត្ររក្សាតុល្យភាពអំណាច រួមជាមួយការបង្កើនទំនាក់ទំនងការទូត និងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី ដែលជាតំបន់សេដ្ឋកិច្ចដ៏មានថាមពលបំផុតលើពិភពលោក។

ជាក់ស្តែងសហរដ្ឋអាមេរិក ធ្លាប់មានមហិច្ចតាក្នុងការបង្កើនទំនាក់ទំនងពាណិជ្ចកម្ម ដូចជាកិច្ចព្រមព្រៀង TPP (Trans-Pacific Partnership) ជាដើម ដែលកិច្ចព្រមព្រៀងនេះ បានចងទំនាក់ទំនងរវាងអាមេរិកជាមួយប្រជាជាតិនៅអាស៊ីរហូតដល់១២ប្រទេស ដែលរ៉ាប់រងទៅលើពាណិជ្ចកម្មពិភពលោក ប្រមាណ៤០ភាគរយ។

ជាអកុសល វាមិនបានដូចអ្វីដែលបានរំពឹងទុកឡើយ។ ហេតុផលទីមួយ ដោយសារលោកស្រី Hillary Clinton ដែលជាបុគ្គលនាំមុខលើកិច្ចព្រមព្រៀង TPP នេះ បែរជាបែរខ្នងចំពោះកិច្ចព្រមព្រៀងនេះ ក្នុងពេលដែលលោកស្រីធ្វើយុទ្ធការឃោសនាបោះឆ្នោត។ ដោយឡែកការជាប់ឆ្នោតរបស់លោក Trump ក៏កាន់តែបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង ដោយប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានបញ្ជាក់ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដើម្បីទទួលបានយុត្តិធម៌ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ចាប់តាំងពីចំណុចចាប់ផ្តើម គោលនយោបាយរបស់ អូបាម៉ា ជាការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការត្រៀមប្រឈមមុខដោយកម្លាំងយោធាជាមួយចិន។ ក្នុងពេលនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Robert Gates បានបើកកិច្ចពិភាក្សាដោយចំហ ក្នុងការត្រៀមទប់ទល់ការកើនឡើង សមត្ថភាពយោធារបស់ចិន។ ហេតុនេះជាលទ្ធផល គោលនយោបាយផ្តោតការយកចិត្តទុកដាក់ដល់តំបន់អាស៊ី គឺត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង មើលឃើញថា ជាផ្នែកមួយនៃការពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីឡោមព័ទ្ធចិនទៅវិញ។

គោលនយោបាយរបស់អាមេរិកដែលផ្តល់ភាពសំខាន់ដល់អាស៊ី ដោយចាត់ទុកថា តំបន់អាស៊ី មានសារៈសំខាន់សម្រាប់បណ្តាប្រទេសដទៃផ្សេងទៀត ទូទាំងពិភពលោក ដោយសារការចូលរួមចំណែកក្នុងការបង្កើន GDP របស់ពិភពលោក និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក។ ហេតុនេះ វាទាមទាឱ្យអាមេរិកឆ្លើយតបដោយកិច្ចប្រឹងប្រែង ផ្នែកសេដ្ឋកិច្ចដើម្បីទាញយកផលប្រយោជន៍ពីឱកាសនេះ ជាអកុសលអាមេរិកបែរ ជាប្រើប្រាស់កម្លាំងយោធាទៅវិញ។ ឥរិយាបទរបស់អាមេរិកធ្វើឱ្យមហាយក្សចិនគិតថា គោលនយោបាយរបស់អាមេរិក ជាការពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់ជាមួយខ្លួន។

ជាក់ស្តែងបន្ទាប់ពីកិច្ចព្រមព្រៀង TPP ត្រូវបានសម្រេចឡើងនៅឆ្នាំ២០១៥ លោក អូបាម៉ា បានបញ្ជាក់ថា «កិច្ចព្រមព្រៀង TPP ផ្តល់ឱកាសដល់អាមេរិក (មិនមែនចិន) ជាអ្នកគូសវាសផ្លូវដើរសម្រាប់សតវត្សរ៍ទី២១។ ហេតុនេះវាគ្មានអ្វីជាអាថ៌កំបាំងសម្រាប់រដ្ឋាភិបាលក្រុង ប៉េកាំង ក្នុងការជឿជាក់ថា យុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ គឺដើម្បីទប់ទល់ការពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងច្បាស់។

កំហុសឆ្គងមួយទៀតរបស់អាមេរិក គឺការបិទភ្នែកមិនអើពើតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ា រដ្ឋាភិបាលលោក អូបាម៉ា ហាក់មានជំនឿថា សហរដ្ឋអាមេរិកមិនអាចជ្រើសរើសផ្លូវដើរពីរក្នុងពេលតែមួយបានឡើយ។ ដែលនេះមានន័យថា ការផ្តោតទៅលើតំបន់អាស៊ី ស្មើនឹងការដោះដៃពីតំបន់ផ្សេងទៀត។ តែការពិតទៅវាជារឿងដែលគ្រោះថ្នាក់បំផុត។

ភាពព្រងើយកន្តើយរបស់អាមេរិកនៅអឺរ៉ុប ចាប់តាំងផ្តើមស្តែងឡើងនៅពេលមានការឈ្លានពានពីរុស្ស៊ីនៅអ៊ុយក្រែន ការគំរាមកំហែងរដ្ឋនានានៅបាល់ទិក ព្រមទាំងការបាត់បង់លទិ្ធប្រជាធិបតេយ្យនៅក្នុងប្រទេស ប៉ូឡូញ និងហុងគ្រីជាដើម។ បន្ទាប់ពីអាមេរិកដកទ័ពចេញពីតំបន់មជ្ឈឹមបូព៌ា សង្គ្រាមស៊ីវិលនៅស៊ីរីបង្កឱ្យមនុស្ស ១១លាននាក់ ផ្លាស់ប្តូរទីលំនៅមនុស្សរាប់លាននាក់សា្លប់ វិបត្តិជនភៀសខ្លួនកើតឡើង វត្តមានឧទ្ទាម ISIS ប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ ចំណែកទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្តនៅឈូងសមុទ្រក៏ហាក់រង្គោះរង្គើ ស្របពេលដែលអ៊ីរ៉ង់ កំពុងបង្កើនឥទិ្ធពលរបស់ខ្លួននៅក្នុងតំបន់។

គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី វាមិនមែនជារឿងចំណេញនោះទេ។ គោលនយោបាយនេះ មិនបានទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិនបានឡើយ ផ្ទុយទៅវិញវាជម្រុញឱ្យចិនកាន់តែហ៊ានបំពានថែមទៀត។ ការផ្តល់ភាពសំខាន់ដល់តំបន់អាស៊ី ពិសេសរដ្ឋាភិបាលក្រុងប៉េកាំង ដែលរឹតតែធ្វើឱ្យចិន ហ៊ានបង្ហាញឥរិយាបទព្រហើនចំពោះសហរដ្ឋអាមេរិក។ ជាក់ស្តែងចិនបានប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង ដែលនេះជាភស្ដុតាងបញ្ជាក់ថា ចិនមិនបានញញើតសហរដ្ឋអាមេរិកសូម្បីតែបន្តិច។

សម្រាប់វិស័យសេដ្ឋកិច្ច ចិននៅតែបន្តរីកចម្រើនទៅមុខ រហូតអាចចូលរួមចំណែកក្នុង GDP របស់ពិភពលោក។ កិច្ចព្រមព្រៀង TPP ដែលមានគោល ដៅផ្តល់ភាពសំខាន់ដល់តំបន់អាស៊ី បានធ្លាក់ចុះ ខណៈដែលចិននៅតែអាចជម្រុញទំនាក់ទំនងពាណិជ្ចកម្ម ជាមួយបណ្តាប្រទេសសំខាន់ៗផ្សេងទៀតក្នុងតំបន់។​ គោលនយោបាយនេះ មិនត្រឹមតែមិនអាចសម្រេចបានតាមគោលដៅសំខាន់របស់ខ្លួនហើយ ថែមទាំងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរនៅតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ាដោយអចេតនាថែមទៀតផង។ គោលនយោបាយឆ្ពោះទៅតំបន់អាស៊ី ត្រូវបានគេចងចាំថា ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនង ការបរទេសរបស់ប្រធានាធិបតីអូបាម៉ា៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា