(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូន លោក រិន សាវ៉េត តារាចម្រៀងខ្មែរដែលកំពុងជួបទុក្ខលំបាក​ ដោយសារភរិយាលោកឈ្មោះ គង់ សាវី អាយុ ៣៦ឆ្នាំ មានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ការប្រគល់អំណោយនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​។​  ក្នុងឱកាសនោះ​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា​ និងសូមជូនពរ​លោកស្រី​ គង់​ សាវី​ ឆាប់ជាសះស្បើយ​ពីជំងឺ​ ត្រឡប់មកផ្តល់ភាពកក់ក្តៅដល់កូនប្រុស​ប្តី​  និងក្រុមគ្រួសារ​វិញ។

ជាកិច្ចឆ្លើយតបនឹងអំណោយដ៏ថ្លៃថ្លានេះ លោក រិន សាវ៉េត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ តែងបានយកចិត្តទុកដាក់ចំពោះសិល្បករ-សិល្បការីនីដែលជួបការលំបាក ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕