(ព្រះវិហារ)៖ កម្មវិធីជិះកង់រៃអង្គាសថវិកា និងលក់អាវយឺត ប្រមូលថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌កុលបុត្រ ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជា និងដើម្បីបុព្វហេតុមនុស្សធម៌នោះ បានធ្វើដំណើរដល់ខេត្តព្រះវិហារហើយ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ដោយមានការចូលរួមពីសហភាពសហពន្ធ័យុវជនកម្ពុជា បានរៀបចំបង្កើតកម្មវិធី «កង់គន្ធបុប្ផាដើម្បីជីវិតកុមារកម្ពុជា» ដែលមានក្រុមយុវជនជិះកង់រៃអង្គាសថវិកា និងលក់អាវយឺតរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តព្រះវិហារ។

ព្រឹត្តការណ៍ជិះកង់នេះ ធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាគាំទ្រដល់ការខ្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ហើយមួយផ្នែកទៀតគាំទ្រការសាងសង់អាគារស្នាក់នៅ និងអគារបណ្ណាលយ័ភូមិ ក្នុងមណ្ឌលកុមារកំព្រាកម្ពុជកុលបុត្រ ជួយសម្រួលការបណ្តុះបណ្តាលបំណិនជីវិត ការផ្គត់ផ្គង់កុមារកំព្រា និងទុរគតជន។

វត្តមានរបស់ក្រុមយុវជនស្មគ្រ័ចិត្តជិះកង់រៃអង្គាសប្រាក់ដើម្បីឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទៅដល់ខេត្តព្រះវិហារ ត្រូវបានទទួលស្វាគមន៍ដោយលោក យ៉ុង គីមហ៊ាន អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ និងមានការចូលរួមពីអនុប្រធានសហភាពសហព័ន្ធ ព្រមទាំងសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តព្រះវិហារជាច្រើនរូបទៀត។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ធ្លាប់បានប្រកាសឲ្យថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និង ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ចូលរួមចំណែកឧបត្ថម្ភ និងគាំទ្រកម្មវិធីជិះកង់រៃអង្គាសប្រាក់ ឲ្យបានគ្រប់គ្នា ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កុមារកម្ពុជា។

ជាការកត់សម្គាល់សកម្មភាពជិះកង់រៃអង្គាសប្រាក់ ដែលបានធ្វើដំណើរទៅដល់ខេត្តព្រះវិហារនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ មន្រ្តីរាជការ ចូលរួមគ្នាបរិច្ឆាគថវិកាយ៉ាងច្រើនផងដែរ ដើម្បីបុព្វហេតុមនុស្សធម៌៕