(ភ្នំពេញ)៖ អនុប្រធាន​សាលាឧទ្ធរណ៍​លោកចៅក្រម សេង ស៊ីវុត្ថា បានសម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​បុរស​ចំណាស់​ម្នាក់ ​ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ ​តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​២ឆ្នាំ​​ ករណី​ក្លែង​ ស.ជ.ណ​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​រត់​ការ​ឲ្យ​ជនបរទេស​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ​ តែ​មិន​បាន​សម្រេច​។

លោក​ចៅក្រម​ សេង​ ស៊ី​វុត្ថា​ សម្រេច​បែប​នេះ​ នៅ​រសៀល​ថ្ងៃ​២៣​ ខែ​មករា​ ឆ្នាំ​២០១៧​ ដោយ​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​សាទុក្ខ​តាម​កំណត់​ច្បាប់​។​ ក្រោយ​ការ​សម្រេច​នេះ​ ជនជាប់ចោទ​ពុំ​បាន​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ​។​ បុរស​រូប​ឈ្មោះ​ ឆេង​ ភិរម្យ​ អាយុ​៥៤ឆ្នាំ។

ក្នុង​ពេល​សវនាការ​​កន្លង​មក​ ឈ្មោះ ឆេង ភិរម្យ សារភាពថា បានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ​ ឃឹម សុជាតិ ដែល​ជាសាក្សី ក្នុងសំណុំរឿងនេះ​ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់​គាត់​ ឲ្យជួយរត់ការចូលជាសញ្ជាតិខ្មែរ ឲ្យមិត្តភ​ក្ដិរបស់ដើមបណ្ដឹងដែលមាន សញ្ជាតិចិនកាត់ម៉ាឡេស៊ី​ ដោយបានប្រគល់លុយ សម្រាប់រត់កា​រ​ចំនួន១ម៉ឺន៧ពាន់ដុល្លារ ហើយគាត់​បានឲ្យលុយនោះបន្តទៅឲ្យ ឈ្មោះ ជា រ័ត្ន ដោយឈ្មោះ ជា រ័ត្ន បានសន្យាថា រយៈពេល១ខែ​ និងប្រគល់ ស.ជ.ណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យ។

លោក គឹម សុគន្ធា ជាដើមបណ្ដឹងធ្លាប់​បានឲ្យដឹងថា ឈ្មោះ ឆេង ភិរម្យនិងឈ្មោះជា រ័ត្ន បានប្រគល់​ ស.ជ.ណ ពាក់ព័ន្ធនឹង​ការប្តូរសញ្ជាតិនោះ គឺគ្រាន់តែជាលិខិតមួយមានអក្សរសខ្មៅប៉ុណ្ណោះ ហើយគាត់បានសុំឲ្យជនជាប់ចោទ ឆេង ភិរម្យ និងឈ្មោះ ជា រ័ត្ន ប្រគល់​លិខិត​ ស.ជ.ណ ជាលិខិត ព្រីនជា​កូល័រ​ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅឲ្យមិត្តភក្ដិ​ដែល​មានសញ្ជាតិចិនកាត់ម៉ាឡេស៊ី។

ប៉ុន្តែឈ្មោះ ជា រ័ត្ន ដែលជាអ្នករត់ការក្នុងសំណុំរឿងនេះចេះតែឲ្យដើមបណ្ដឹងរង់ចាំម្តងជាពីរ​ដង។ លុះមួយខែក្រោយមកឈ្មោះ ជា រ័ត្ន បានបិទទូរស័ព្ទ ហើយដើម បណ្ដឹងចេះតែទាក់ទងមិនចូលទើបខ្លួនសង្ស័យថា ស.ជ.ណ ដែលជនជាប់ចោទ​ និងឈ្មោះ ជា រ័ត្ន ឲ្យជា ស.ជ.ណ ក្លែងក្លាយ រួចដើមបណ្ដឹងបានយក ស.ជ.ណ នោះ ទៅផ្ទៀងផ្ទាត់ជាមួយ និងមន្ត្រីពាក់ព័ន្ធ ហើយមិនមាន ស.ជ.ណ នោះនៅ ក្នុងបញ្ជីឡើយ ទើបដើមបណ្ដឹង ប្តឹងទៅសមត្ថកិច្ច បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ ឆេង ភិរម្យ ហើយឈ្មោះ ជា រ័ត្ន បានរត់គេចខ្លួនមកដល់បច្ចុប្បន្ន៕