(កំពង់ចាម)៖ ប្រជាកសិករអ្នកធ្វើស្រែប្រាំងជាង៥០០នាក់ នៅស្រុកជើងព្រៃ និងស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បាននាំគ្នាចុះទៅកាប់បំផ្លាញឧបករណ៍នេសាទ រាប់រយកន្លែងនៅតាមដងអូរ ក្នុងភូមិសាស្ត្រស្រុកទាំងពីរ ដែលបង្កការរាំងស្ទះផ្លូវទឹកហូរចូលទន្លេ នាំឲ្យទឹកនៅតែដក់ពេញស្រែច្រើន ខកខានក្នុងការធ្វើស្រែប្រាំង។

ឧបករណ៍នេសាទដែលកសិករអះអាងថា ជាឧបករណ៍រាំងស្ទះផ្លូវទឹកទាំងនោះ មានដូចជាធ្នួស សៃ ស្បៃមុង និងឧបករណ៍នេសាទមួយចំនួនទៀត ដែលរាំងស្ទះទឹកហូរចាក់ទៅទន្លេយឺត បណ្តាលឲ្យខកខានក្នុងការធ្វើស្រែប្រាំង។

តំណាងប្រជាកសិករ និយាយថា ការចុះទៅបំផ្លាញឧបករណ៍នេសាទនេះ ដោយមូលហេតុថា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ដែលផ្ទៃដីស្រែប្រាំងមាន ជាង៣ពាន់ហិកតា។ ពួកគាត់ជួបការលំបាក ទឹកស្រកយឺត ការធ្វើស្រែប្រាំងខាតបង់ ដោយធ្វើចុងរដូវ មានសត្វកណ្តុរ និងគោក្របីស៊ី មានភ្លៀងធ្លាក់ ច្រូតស្រូវក្នុងទឹក ឈ្នួលប្រមូលផលថ្លៃ និងតម្លៃស្រូវថោកថែមទៀត។ កសិករមួយចំនួនត្រូវចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហេតុនេះហើយ ទើបពួកគាត់សម្រេចចិត្តនាំគ្នាទៅកម្ទេចឧបករណ៍ទាំងនោះចេញ ដើម្បីឲ្យទឹកដែលពេញស្រែនោះ ហូរចាក់ទៅទន្លេលឿន។

តំណាងកសិករបន្តថា ការចុះវាយកម្ទេចឧបករណ៍នេសាទលើកនេះ ពួកគាត់មិនបានរាយការណ៍ទៅអាជ្ញាធរទេ ពីព្រោះឆ្នាំមុនៗ រាយការណ៍ដល់អាជ្ញាធរស្រុកហើយដែរ តែពុំមានដំណោះស្រាយល្អប្រសើរឡើយ ដោយនៅតែទុកឲ្យពួកគាត់ជួបបញ្ហាជាមួយក្រុមអ្នកនេសាទ កសិករកាប់បំផ្លាញឧបករណ៍នេសាទ ក្រុមអ្នកនេសាទមកបំផ្លាញម៉ាស៊ីនគោយន្ត ម៉ាស៊ីនកាណូត ទូករបស់កសិករស្រែប្រាំងវិញ។

ដោយអស់ក្ដីជឿទុកចិត្តនឹងអាជ្ញាធរ កសិករមានកង្វល់យ៉ាងខ្លាំង ដោយបានសំណូមពរដល់ថ្នាក់ដឹកនាំ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ សូមជួយរកដំណោះស្រាយយ៉ាងណា កុំឲ្យក្រុមទាំងពីរនេះមានការប្រឈមមុខដាក់គ្នា ដែលនាំឲ្យខាតបង់ធ្វីៗសព្វបែបយ៉ាង៕