(ភ្នំពេញ)៖ លោក ញ៉ែម វណ្ណថន អតីតអគ្គលេខាធិការ នៃគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គ្រោងនឹងចូលរួម នយោបាយជាមួយ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់។

នៅលើបណ្តាញសង្គម Facebook របស់ លោកពេជ្រ ស្រស់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរថា «លោកបណ្ឌិត ញ៉ែម វណ្ណថន គ្រោងនឹងមកចូលរួមជាមួយគណបក្សយុវជនកម្ពុជាមានខ្ញុំ ពេជ្រ ស្រស់ ជាអ្នកដឹកនាំនៅក្នុងពេលឆាប់ៗនេះ ដើម្បីពង្រីក រចនាសម្ព័ន្ឋថ្នាក់ក្រោមជាតិរបស់ គណបក្សយុវជន កម្ពុជាតាមបណ្តាខេត្តបន្ថែមទៀតក្នុងការចូលរួមប្រកួតប្រជែង នយោបាយនៅឆ្នាំ២០១៧-២០១៨ នាថ្ងៃ ខាងមុខនេះ»

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ញ៉ែម វណ្ណថន បាននៅឡើយទេនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។

លោក ញ៉ែម វណ្ណថន ធ្លាប់ជាអគ្គលេខាធិការគណបក្សសំបុកឃ្មុំ នៅពេលដែលគណបក្សនេះបង្កើតឡើងវិញ​ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥។ ប៉ុន្តែក្រោយមក លោកបានបែកចេញពីគណបក្សសំបុកឃ្មុំវិញ ដោយទៅបង្កើតគណបក្ស មហាសាមគ្គីជាតិខ្មែរ ដែលជាគណបក្សនយោបាយថ្មីមួយ៕