(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹងថា តារាកំប្លែងជើងចាស់ លោកតាចេក ដែលកំពុងជួបទុក្ខផ្ទួនៗគ្នា ដោយភរិយាមានជំងឺត្រូវវះកាត់ផង រីឯម្តាយបង្កើតជរាមានជំងឺបេះដូងធ្ងន់ធ្ងរផងនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ជូនដល់លោកតា សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។

សូមបញ្ជាក់ថា កាលពីសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ។ ពិធីប្រគល់អំណោយមនុស្សធម៌នោះ​ ត្រូវបានធ្វើឡើងតាមរយៈ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា។

នាយចេក ឬហៅថា​ តាចេក មានឈ្មោះដើម ឈុំ ប៊ុនឈឿន វ័យ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបច្ចុប្បន្នកំពុងមានជីវភាពខ្វះខាតយ៉ាងខ្លាំង ដែលត្រូវការជំនួយជាចាំបាច់៕