(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការងាយស្រួលទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះឲ្យដឹង នៅលើ Facebook ផ្លូវការរបស់លោកផ្ទាល់យ៉ាងដូច្នេះ។

Facebook ផ្លូវការរបស់លោក ខៀវ កាញារីទ្ធ បានបង្ហោះយ៉ាងដូច្នេះថា «បណ្តុះបណ្តាលពិធីករពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេ ហើយរឹតតែ មិនមែនងាយទៀត បណ្តុះបណ្តាល អ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយឲ្យលឺនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំនេះដឹង»

លោក ខៀវ កាញារីទ្ធ បានព្រលយពាក្យបន្ថែមទៀតថា «សូមថែរក្សាអាជីពនេះអោយថ្លៃថ្នូរ បើមិនដូចនេះទេ អាជីពនេះសូមធាក់អ្នកចេញហើយ»

សូមជំរាបថា កំណើនពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ ក៏មានការកើនឡើងគួរឲ្យកត់សំគាល់ដែរ ទន្ទឹមនឹងការរីកលូតលាស់លើវិស័យព័ត៌មាននៅកម្ពុជា។ ប៉ុន្តែ ក្រមសីលធម៌ និងចំណេះដឹងរបស់ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍មួយចំនួនហាក់នៅមានកំរិត ដូចនេះការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ គឺពិតជាមានការសារៈសំខាន់ នៅក្នុងការអភិវឌ្ឍវិស័យព័ត៌មាន នៅកម្ពុជាឲ្យមានការរីកចំរើនបន្តទៀត៕