(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត នឹងមកដល់ប្រទេសកម្ពុជា នៅម៉ោង១៖០០រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងនោះក៏មានការប្រជុំ អំពីបញ្ហាព្រំដែនប្រទេសទាំងពីរផងដែរ។ នេះបើតាមការអះអាង របស់មន្រ្តីក្រសួងការបរទេស។

ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករានេះ លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ហើយលោកក៏នឹងចូលសម្តែង ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។

បើតាមសេចក្តីជូនព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ច លោក សាលើមសៃ គុំ ម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មការ ចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងអញ្ជើញទស្សនាសារមន្ទីរជាតិ៕