(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅម៉ោងប្រមាណ១១យប់ថ្ងៃអាទិត្យនេះ រថយន្តសេរីទំនើបម៉ាក JAGUAR ស្លាកលេខភ្នំពេញ 2AL-1718 បើកដោយយុវជនម្នាក់ រួមដំណើរដោយនារីស្រស់សោភាម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ត្រង់ភ្លើងស្តុប រោងកុនលុច្ស បានបើករេចង្កូតទៅបុករោងកុនលុច្ស និងសំអាងការលុច្សតែម្តង។

ករណីនេះបានបណ្តាលឲ្យខូចខាតរបង និងជញ្ជាំង ហើយរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យយុវជន និងនារី ដែលជិះក្នុងរថយន្តរងរបួសនោះទេ។
អ្នកដែលឃើញហេតុការណ៌នៅទីនោះបាននិយាយថា ករណីបុកនេះបណ្តាលមកពីយុវជននោះប្រលែងគ្នាជាមួយនារីស្រស់ស្អាតនោះ ហើយនៅពេលបើកបុកហើយ អ្នកទាំងពីរនោះក៏បានឡើងរថយន្តទំនើបមួយជិះចេញបាត់។ ករណីនេះកើតឡើង នាម៉ោងជាង១១យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដួនពេញ។

ក្រោយកើតហេតុរថយន្តត្រូវបានស្ទួចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយ៕