(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បានចុះពិនិត្យដើម្បីស្វែងរកសារធាតុគីមី ទៅលើមុខទំនិញដែលអាជីវករដាក់តាំងលក់ នៅតាមទីផ្សារ និងនៅតាមផ្ទះ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំដោយលោក កិក ចំរើន ប្រធានប៉ុស្តិ៍ប្រចាំស្រុកស្រែអំបិល រួមទាំងមន្រ្តីក្រោមឱវាទសហការជាមួយគណៈ​កម្មាធិការផ្សារ ប្រជាការពារសមត្ថកិច្ចស្រុកស្រែអំបិល ជាច្រើនរូបទៀត។

លោក កិក ចំរើន បានឲ្យដឹងថា ការពិនិត្យរាល់មុខទំនិញរបស់ អាជីវករដាក់តាំងលក់នេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញរបស់អគ្គនាយដ្ឋាន ដើម្បីសុវត្តិភាពជូន​ប្រជាពលរដ្ឋ និងធ្វើការថែនាំប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឲ្យគាត់បានយល់ដឹង និងចេះពិនិត្យមើលរាល់មុខទំនិញមុន និងចេះមើលពីថ្ងៃខែឆ្នាំ​ផលិតរាល់មុខ​ទំនិញនិមួយៗ​​របស់ក្រុមហ៊ុនផលិតដែលនាំចូលពីបណ្តាប្រទេសនានា។

លោក កិក ចំរើន បានបន្តថា ការចុះថ្ងៃនេះ យើងរកឃើញមុខទំនិញមួយចំនួនដោយខុសច្បាប់ វេចខ្ចប់មិនត្រឹមត្រូវ ហួសការបច្ចេទ គ្មានស្លាកសញ្ញាត្រឹមត្រូវ និងខ្លះទៀត
មានលាយនូវសារធាតុគីមីផងដែរ ហើយនៅពេលប្រជាពលរដ្ឋទិញយកទៅហូប វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតផង។

ការចុះពិនិត្យស្វែងរកសារធាតុគីមីទៅលើរាល់មុខទំនិញនេះ កម្លាំងជំនាញលោកបានបិតនៅ Logo ជាច្រើនផ្ទាំងនៅតាមតូបលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឲ្យគាត់បាន​ស្វែងយល់ឲ្យកាន់តែច្បាស់តែបើកន្លែងណាមិនយល់ និងអាចសួរនាំបានដល់ជំនាញលោកដែលនៅប្រចាំការទីនោះឬទូរស័ព្ទសួរគ្រប់ពេលវេលា។

លោក កិក ចំរើន បានបញ្ជាក់ថា ថ្ងៃនេះជំនាញលោកបានបញ្ជាក់ចំណុចសំខាន់ៗ ដល់ដល់អាជីវករឲ្យចេះមើលថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុនផលិត និងមើលការ​ក្លែងបន្លំរាល់មុខទំនិញ។

លោកបានបន្ថែមទៀតថា សាខាកាំកុងត្រូលនឹងបន្តចុះប្រតិបតិ្តការ នៅតាមសាលារៀនញឹកញាប់ជាងគេ ពីព្រោះក្មេងៗ គាត់មិនសូវមានការចាប់អារម្មណ៍នោះទេ ពីសមិទ្ធផលខូចគុណភាពទាំងនេះ។  ក្នុងឱកាសនោះផងដែរលោកក៏បានអំពាវនាវ ដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ បើកន្លែងណាមានដាក់ទំនិញខូចគុណភាព សូមចូលរួមសហការរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់វាងាយស្រួលក្នុងការទប់ស្កាត់៕