(ឧត្តរមានជ័យ)៖ ខណៈដែលមានបងប្អូនប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភអំពីសុខ សុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដឹកនាំដោយ លោក ពេជ្យ ភារម្យ អនុប្រធានសាខាកាំកុងត្រូល សហការមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរ និងសមត្ថកិច្ចស្រុកបន្ទាយអំពិល នៅថ្ងៃទី២១ ខែមករា​ ឆ្នាំ២១០៧ បានធ្វើ​សកម្មភាពចុះពិនិត្យ ទំនិញក្នុងផ្សារគោកមន នៅចំណុចស្រុកបន្ទាយអំពិល និងរកមិនទាន់ឃើញចំពោះទំនិញណា មានសារធាតុគីមីនៅលើទីផ្សារនិងនៅតាមគេហដ្ឋាន តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅឡើយទេ។

លោក ពេជ្រ ភារម្យ អនុប្រធានសាខាកាំកុងត្រូលខេត្តឲ្យដឹងថា សកម្មភាពនេះ ធ្វើឡើងដើម្បីការពារសុខភាពប្រជាពលរដ្ឋដែលរស់នៅតាមជនបទ ដាច់ស្រយាល ជាពិសេសតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ  តាមរយៈការត្រួតពិនិត្យគុណភាពទំនិញ ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារតាមគេហដ្ឋាន  ដើម្បីធានាថាទំនិញ​ដែលដាក់​តាំងលក់ជូនសាធារណជន។

លោកបន្តថា ទំនិញមួយចំនួនត្រូវបាននាំចូលដោយខុសច្បាប់ មានខ្លះហួសកាលបរិច្ឆេទ វេចខ្ចប់មិនត្រឹមត្រូវ គ្មានស្លាកសញ្ញា និង​ខ្លះ​ទៀត​មានលាយសារធាតុគីមី ទំនិញទាំងនេះ ពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគ គឺនាំឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ ។

នាពេលនេះដែរ សាខាកាំកុងត្រូងក៏បានបិទផ្សាយ និងចែក Poster រូបភាពណែនាំពីសុវត្ថិភាពចំណីអាហារ និងបានណែនាំដល់អ្នកលក់ទំនិញ និងអាជីវករទាំងអស់ នៅតាមទីផ្សារ ទាំងអស់ ចាំបាច់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់មុននឹងទិញយកមកលក់បន្តផងដែរ ។

សាខាកាំកុងត្រូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយជាពិសេសគ្រឿងបរិភោគដែលគេវេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ពភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយ អស់លុយហើយ ទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង។

សូមជម្រាបផងដែរថា ការចុះពិនិត្យនេះសមត្ថកិច្ចចម្រុះបានរកឃើញនឹងដកហូតនូវទំនិញខូចគុណភាពចំនួនក្នុងនោះមាន៖ ទឹកដោះគោខាប់ និងទឹកដោះគោឆៅ ចំនួន១៦កំប៉ុង ទឹកក្រូច ២ដប ត្រីខ ១០កំប៉ុង ចាហួកែវចំនួន១២កែវ រង់ចាំការដុតកម្ទេចចោល ៕