(ឧត្តរមានជ័យ​)៖​ បុរសម្នាក់មានប្រពន្ធ និងកូន២នាក់​ បានសម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ​ដោយ​ចង-ក​នៅ​ក្នុងផ្ទះ​ ដោយមិនបាន​ដឹងអំពីមូលហេតុច្បាស់លាស់ និងមិនបាន​បង្សល់ទុកអ្វី សូម្បីពាក់បណ្តាំ​ចុងក្រោយ​។ ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក​ថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០១៧​ នៅចំណុចភូមិថ្គូវ ឃុំផ្អាវ ស្រុកត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ។

​សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ភាព វិត អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ​ មានប្រពន្ធ ឈ្មោះ ងួន ណយ អាយុ៣៦ឆ្នាំ មានកូន២នាក់រស់នៅជាមួយគ្នា។

តាមការបំភ្លឺពីប្រពន្ធ ជនរងគ្រោះបានទៅជួយបំរើភ្ញៀវក្នុងកម្មវិធីការអ្នកជិតខាង រហូតដល់យប់​ថ្ងៃទី២១​ ខែមករា​ ម្សិលមិញ ​ទើបត្រលប់មកវិញតែខ្លួនមិនដឹងថាប្ដី ចង-កសម្លាប់ខ្លួនឯងឡើយ លុះពេលព្រឹកកើតហេតុ ទើបដឹងថាប្ដីបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ច​ធ្វើកោលស្យវិច័យ​ បានសន្និដ្ឋានថា​ សពរងគ្រោះពិតជាបានធ្វើ​អត្តឃាត​​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ ហើយ​គ្មាន​ស្នាកស្នាម​​អ្វីពាក់ព័ន្ធ​ករណីឃាតកម្ម​ដែរ​។ បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បានប្រគល់​សាកសព​​ជូន​គ្រួសារ​សព ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕