(ហ្គាំប៊ី)៖ អតីតប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh បានសម្រចចិត្តចាកចេញពីប្រទេសហើយ បន្ទាប់ពីលោកបានទទួល ស្គាល់លទ្ធផលបោះឆ្នោត ក៏ដូចជាយល់ព្រមប្រគល់អំណាចឱ្យប្រធានាធិបតីហ្គាំប៊ីថ្មី លោក Adama Barrow ក្រោយដឹកនាំប្រទេស អស់រយៈពេលជាង២២ឆ្នាំមកនេះ។ នេះបើតាមការ ចេញផ្សាយសារព័ត៌មាន BBC​​ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។

​យោងតាមអ្នកទទួលខុសត្រូវ ជាច្រើននាក់មកពីបណ្ដាប្រទេសក្នុងតំបន់អាហ្វិ្រកខាងលិច លោក Yahya Jammeh បានធ្វើដំណើរ តាមជើងយន្ដហោះហើរឯកជនមួយ ឆ្ពោះទៅកាន់ប្រទេស Guinea មុននឹងលោកត្រូវបន្តដំណើរទៅកាន់ប្រទេស Equatorial Guinea ជាទីដែលលោកត្រូវបានគេរំពឹងនឹងទទួលបានសិទ្ធិជ្រកកោន។​

លោក Jammeh បានបរាជ័យនៅក្នុងការបោះ ឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក៏ប៉ុន្តែលោកបានបដិសេធមិនព្រមទទួលស្គាល់ លទ្ធផល បោះឆ្នោត រហូត ដល់បណ្ដាប្រទេសក្នុងតំបន់ ដឹកនាំដោយ សេណេហ្គាល់ និងនីហ្សេរីយ៉ា បានសម្រេចបញ្ជូនកងទ័ព ទៅកាន់តំបន់ព្រំដែន និងបានចូលទៅក្នុងទឹកដីប្រទេសហ្គាំប៊ី ដើម្បីបង្ខំឱ្យលោកប្រគល់តំណែងឱ្យប្រធានាធិបតីឈ្នះឆ្នោតលោក Adama Barrow។

លោក  Barrow បានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ នៅឯស្ថានទូតហ្គាំប៊ី ប្រចាំប្រទេសសេ ណេហ្គាល់ ហើយលោកបានសន្យាថានឹងវិលត្រឡប់ចូលប្រទេសហ្គាំប៊ី វិញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា លោក Yahya Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាប៊ី ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤មក៕