(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ ក្រុមសហជីព កម្មករមួយចំនួន បានប្រមូលផ្តុំគ្នានៅខាងមុខវត្តលង្ការ ដែលជាទីតម្កល់រូបសំណាក លោក ជា វិជ្ជា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់លោក។

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត ​ជិត​វត្ត​លង្កា រាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។ នៅថ្ងៃនេះគឺជាខួបលើកទី១៣ឆ្នាំនៃការស្លាប់របស់ លោក ជា វិជ្ជា។

នៅក្នុងពិធីរំលឹកខួបមរណភាពនេះ គេឃើញមានការចូលរួមដោយ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ដែលជាប្អូនរបស់លោក ជា វិជ្ជា, លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា រួមទាំង តំណាងរាស្រ្តគណបក្សប្រឆាំងផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ ឲ្យ​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​នេះ នៅ​ថ្ងៃ​ទី​២២ មករា ឆ្នាំ២០១៧នេះ ប៉ុន្តែមិនអនុញ្ញាតឱ្យហែរក្បួន ឬថ្លែងសារនយោបាយ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសាធារណនោះឡើយ៕