(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់​ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុប​ប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយ​ម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវ​ជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះ​ទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។

លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។

បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះ​ជូនលោកយាយថែមទៀតផង។

ថវិកាសំណង និងឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ត្រូវបានក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូនយកទៅប្រគល់ជូនលោកយាយ រួចហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៧​នេះ។ តែដើម្បីធានាបានសុវត្ថិភាពលើថវិកានេះ អាជ្ញាធរទទួលបន្ទុក នឹងរៀបចំសម្របសម្រួលបង្កើតគណនីធនាគារ ឲ្យលោកយាយរក្សាទុក​ប្រាក់ប្រកប​ដោយសុវត្ថិភាព។

លោកយាយ មឿន សុផល បានបង្ហាញការត្រេកអរខ្លាំង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ គិតគូរសុខទុក្ខ ដោះស្រាយសំណងផលប៉ះពាល់ និងឧបត្ថម្ភថវិកាជូនលោកយាយដោះស្រាយទុក្ខលំបាកនៅក្នុងជីវិត៕