(ត្បូងឃ្មុំ)៖ ក្រុមការងារចុះជួយឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ និងលោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំចុងជាច នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំសន្និបាតបូកសរុបការងារមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានានា ជូនសមាជិកគណបក្ស និងប្រជាជនមូលដ្ឋាន។

លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជាសមាជិកមូលដ្ឋាន សូមចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងឮ និងជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាជន។

លោក ហេង សួរ បានអំពាវនាវថា «សូមបងប្អូនប្រជាជន មន្រ្តីរាជការមូលដ្ឋានក្នុងឃុំចុងជាចទាំងអស់ ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេល គណបក្សប្រជាជន ទទួលបានសម្លេងឈ្នះឆ្នោត ថ្នាក់ដឹកនាំគណបក្សនឹងប្តូរត្រឡប់មកនូវ ផ្លូវថ្នល់ សាលារៀនថ្មី ក៏ដូចជាជួយស្វែងរកអាហារូបករណ៍ ជូនសិស្ស ដែលចង់បន្តការសិក្សានៅមហាវិទ្យាល័យ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាជនក្នុងឃុំចុងជាចនេះ ឲ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត»

លោក ហេង សួរ បានស្នើដល់សមាជិក-សមាជិកាទាំងអស់ ត្រូវរួមរួមសាមគ្គីភាពផ្ទៃក្នុងជាមួយគ្នា ព្រោះកិច្ចការនេះសំខាន់ខ្លាំងណាស់ ក្នុងការរួមគ្នាជួយដោះស្រាយ បញ្ហាជូនប្រជាជន។ សម្រាប់ប្រជាជនមូលដ្ឋានវិញ សូមកុំអាក់អន់ស្រពន់ចិត្តជាមួយអាជ្ញាធរ ហើយត្រូវទំនាក់ទំនងជាមួយក្រុមការងារឃុំ និងក្រុមការងារស្រុក ដើម្បីប្រាប់ពីបញ្ហាប្រឈម នឹងអាលបានចុះជួយដោះស្រាយទាន់ពេលវេលា សំដៅធានាជីវភាពជូនប្រជាជន និងឋានៈរបស់សមាជិក-សមាជិកា ក្នុងសង្គម។

តាមរយៈអង្គសន្និបាតដែលបានប្រព្រឹត្តទៅ តាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានសម្រេចការងារដូចខាងក្រោម៖ ១.ពិភាក្សា និង​អនុម័តរបាយការណ៍ស្ដីពី លទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៧ និងទិសដៅភារកិច្ចបន្ត។ ២.ពិភាក្សា និងអនុម័ត សេចក្ដីប្រកាសស្ដីពី កម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សឃុំចុងជាច ដើម្បីអភិវឌ្ឍន៍ឃុំ សម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ ៣.បោះឆ្នោតស្ទាបស្ទង់ រកបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ៤.ឯកភាពលើខ្លឹមសារ នៃការនែណាំផ្ដាំផ្ញើរបស់ លោក ប្រាជ្ញ ចន្ទ។

សូមជម្រាបថា ឃុំចុងជាចមានចំនួន ១៣ភូមិ ក្នុងនោះមានប្រជាជន ៣,៣៧៩គ្រួសារ សរុប១៤,៣៩៦នាក់។ ប្រជាជនអាយុ១៨ឆ្នាំ មានចំនួន ៨,៨៦០នាក់ ហើយអង្​គសន្និបាត​នាថ្ងៃនេះមានអ្នកចូលរួម ៨០០នាក់ផងដែរ៕