(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលគឺមុននេះប៉ុន្មាននាទីថា សម្តេច និងគណៈប្រតិភូ កំពុងរៀបចំហោះចេញពីទីក្រុង Zurich ប្រទេសស្វីស ឆ្ពោះមកកាន់ទីក្រុងហុងកុង កន្លែងដែលសម្តេចត្រូវប្តូរជើងហោះហើរមកកាន់រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការហោះហើរពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង ប្រទេសចិន ត្រូវចំណាយពេលប្រមាណ ១១ម៉ោង។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចបានឲ្យគេរៀបចំអាហារជូនសម្តេច តាមម៉ោងនៅទីក្រុងហុងកុង បន្ទាប់មកនឹងសម្រាក ដើម្បីមានកម្លាំងសម្រាប់ត្រៀមបំពេញការងារនៅរាជធានីភ្នំពេញ ដែលសម្តេចជំពាក់ប៉ុន្មានថ្ងៃនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «បន្តិចទៀតយន្តហោះនឹងចាប់ហោះចេញពី Zurich ឆ្ពោះទៅហុងកុងដែលត្រូវហោះប្រមាណ ១១ម៉ោង។ ខ្ញុំកំពុងសុំគេរៀបបាយល្ងាចឲ្យខ្ញុំតាមម៉ោងហុងកុង មិនមែនស្រស់ស្រូបពេលព្រឹកតាមម៉ោងស្វីសនោះទេ។ សង្ឃឹមថាបាយហើយនឹងសម្រាកបាន ដើម្បីមានកម្លាំងសងបំណុលដែលខ្ញុំជំពាក់នៅភ្នំពេញ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ហើយសម្តេចនឹងត្រូវត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ស្អែកនេះ។

ក្នុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេលប៉ុន្មានថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី បានជួបប្រមុខដឹកនាំពិភពលោកជាច្រើននាក់។ រាល់ជំនួបទ្វេភាគីជាមួយមេដឹកនាំពិភពលោកនោះ សម្តេចតែងបានពិភាក្សាពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ហើយក៏បានស្នើឲ្យមេដឹកនាំបរទេសទាំងនោះ ជំរុញវិនិយោគិនមកវិនិយោគនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតទទូច និងអំពាវនាវឲ្យមេដឹកនាំ និងអ្នកវិនិយោគបរទេសមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ៕