(​ព្រះសីហនុ)៖​ លោក ជួន ណា​រិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧​នេះ បានអញ្ជើញចូលរួម ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ អភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១២​-២០១៧ និងទិសដៅការងារឆ្នាំ២០១៧-២០២២ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ។

បន្ទាប់ពីបាន​ស្តាប់របាយការណ៍​បូកសរុប សភាពការណ៍ទូទៅ របស់គណៈកម្មា​ធិការគណបក្សប្រជាជន សង្កាត់លេខ៣រួចមក អង្គពិធីបានធ្វើការបោះឆ្នោត ជាសម្ងាត់ ដើម្បីស្ទាបស្ទង់ជ្រើសរើសបេក្ខជន ឈរឈ្មោះ​បោះឆ្នោតជ្រើសរើស ក្រុម​ប្រឹក្សាឃុំ​ សង្កាត់ នៅពេលខាងមុខផងដែរ។

នៅក្នុងឱកាសនោះលោក ជួន ណារិន្ទ បានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើនសកម្មភាពការងារតាមមូលដ្ឋាន កាន់តែខ្លាំងឡើង ជាពិសេសជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលកើតមានឡើងផងដែរ៕