(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ សេដ្ឋកិច្ចកម្ពុជា ថានឹងបន្ដស្ថិតលើគន្លងនៃកំណើនរយៈពេលវែង ក្នុងអត្រា៧% ក្នុង​ឆ្នាំ​២០១៧ ស្របនឹងការកើនឡើងនៃអតិផរណាប្រមាណ៣% ខណៈដែលអត្រាប្ដូប្រាក់នឹងរំពឹងថា បន្ដមានស្ថិរភាពល្អប្រសើរ ក្នុង​រង្វង់៤,០៥០រៀលក្នុង១ដុល្លារអាមេរិក។

ការព្យាករណ៍ដូច្នេះ ត្រូវបានធ្វើឡើងក្នុងការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងាររបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧» ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

ការរៀបចំសន្និបាតនេះ ក្នុងគោលបំណង អបអរសាទរ និងផ្សព្វផ្សាយឲ្យកានតែទូលំទូលាយ អំពីសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាននៅក្នុងឆ្នាំ២០១៦ ព្រមទាំងទស្សនវិស័យនិងទិដៅការងារឆ្នាំ២០១៧ ក្នុងការឈានទៅសម្រេចឲ្យបានជោគជ័​យថ្មីៗបន្ថែមទៀត។

យោងទៅតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចពិភពលោកបន្ដងើបឡើងក្នុង​ល្បឿនយឺតនៅឡើយ រីឯសេដ្ឋកិច្ចកម្ពុជាបន្ដមានកំណើនរឹងមាំក្នុងរង្វង់៧ភាគរយ គាំទ្រចម្បងដោយកំណើនរឹងមាំនៃការនាំចេញ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង កំណើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ ស្របពេល ដែលវិស័យកសិកម្មបានងើបឡើងវិញបន្ថិច ក្នុងនោះកម្ពុជាបានរក្សាកំណើនស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ បាន​យ៉ាងល្អប្រសើរ។

ក្នុងឆ្នាំ២០១៦ អត្រាអតិផរណាបានបន្ដស្ថិតក្នុងកម្រិតទាបជាមធ្យម២.៩ភាគរយ ដោយសារកម្រិតទាបនៃថ្លៃប្រេង ការអនុវត្តគោល​នយោលបាយ សារពើពន្ធ រូបិយវត្ថុ និងអត្រាប្ដូរប្រាក់ សមស្របទៅនឹងកំណើនសកម្មភាពសេដ្ឋកិច្ច។ តម្លៃប្រាក់​រៀលមានស្ថិរភាព ជាមធ្យម៤,០៥០រៀលក្នុងមួយដុល្លារអាមេរិក។ គិតមកត្រឹម​ចុងឆ្នាំ២០១៦ ទុនបម្រុងអន្ដរជាតិបានកើនដល់ ៦.៤ប៊ីលានដុល្លារអាមេរិក ដែលអាចធានាដល់ការទូទាត់កានាំចូល ទំនិញ និងសេវាបានប្រមាណ៥ខែ។

ចំណែកវិស័យធនាគារកម្ពុជា បានបន្ដរីកចម្រើនប្រកបដោយភាពរឹងមាំ វិសាលភាពកាន់តែទូលំទូលាយ និងបរិយាប័ន្ន។ ប្រាក់ បញ្ញើបានកើនដល់ទៅ ៦៤ភាគរយ នៃ ផ.ស.ស (កំណើន ១៨ភាគរយ) ហើយឥណទានទៅកាន់វិស័យឯកជនបានកើនដល់ ៧១ភាគរយ នៃផ.ស.ស (កំណើន២២ភាគរយ) ល្បឿន កំណើនឥណទានមាននិន្នាការថយចុះសន្សឹមៗ។ បន្ថែមពីនេះ ប្រភពទុនភាគច្រើនមានស្ថិរភាព ហើយសំពៀតឥណទានមានគុណភាពល្អ ឆ្លុះបញ្ចាំងតាមរយៈកម្រិតទាបនៃឥណទានមិនដំណើរការ៕