(ភ្នំពេញ)៖ បុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាននារីម្នាក់ត្រូវជាគូដណ្តឹង ដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ បានស្លាប់ហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។

នៅព្រឹកថ្ងៃដដែលនេះនៅកន្លែងកើតហេតុ គេសង្កេតឃើញវត្តមានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សុង លី ស្នងការរងនគរបាល បានដឹកនាំមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរនាំបន្ថែមពីករណីប្លន់បាញ់ប្រហារខាងលើនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ និងស្រាលដោយក្រុមចោរបានប្លន់ និងបាញ់ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រ​ថ្ងៃទី២១​ ខែមករាឆ្នាំ​២០១៧​ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។ 

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ពេលចុះបើកទ្វារ ស្រាប់តែពេលនោះជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្តត្រូវជាគូដណ្តឹង បានបើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង៣នាក់។

ជនរងគ្រោះជិះរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus​ ពណ៌សស្លាកលេខភ្នំពេញ 2AI-8799​ ចេញមកពីក្លឹប Epic មកផ្ទះ។ បន្ទាប់ពីបាញ់ឲ្យរងរបួសហើយជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ​។ ប៉ុន្តែនៅពេលនេះបុរសជាគូដណ្តឹងបានស្លាប់ហើយ៕