(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានថ្លែងថា ដើម្បីជំរុញឲ្យសេដ្ឋកិច្ចជាតិយើង ឲ្យកាន់តែភាពប្រសើរឡើង សមាគមបានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដការងារជាច្រើនបន្ថែមទៀត ដើម្បីបង្កើនតម្លាភាព និងជំនឿទុកចិត្ដ ក្នុងការអូសទាញអ្នកវិនិយោគក្រៅស្រុក ចូលមកវិនិយោគនៅកម្ពុជា កាន់តែច្រើនជាងមុនទៅទៀត។

លោកឧកញ៉ា បានលើកឡើងបែបនេះ ក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងផែនការសមាគមសម្រាប់ឆ្នាំ២០១៧ នៅថ្ងៃល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការចូលរួមពីម្ចាស់បុរី អ្នកវិនិយោគលើវិស័យ អចលនទ្រព្យជាច្រើនរូប និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា។

លោកឧកញ៉ា បានថ្លែងថា «មកទល់នឹងពេលនេះ សមាជិកសមាគមយើង បានកើនឡើងដល់៣៥ក្រុមហ៊ុនហើយ ​យើងនឹងបន្ដពង្រីកសមាជិកបន្ថែមទៀត ព្រោះពេលនេះសមាជិកយើង ជាក្រុមហ៊ុមអ្នកអភិវឌ្ឍលំនៅឋានក្នុងស្រុក តែយើងនៅមានអ្នកវិនិយោគិនបរទេសមួយចំនួនធំ ដែលមិនទាន់បានចូល ជាសមាជិករបស់យើង ដោយសារ ទី១-យើងកំពុងសិក្សាផ្លូវច្បាប់ ដោយសារ ពួកគាត់ជាអ្នកវិនិយោគក្រៅស្រុក មិនទាន់ដឹងថាគួរធ្វើយ៉ាងម៉េច ដូច្នេះយើងនឹងបង្កើតភាពងាយស្រួល និងសេចក្ដីទុកចិត្ដបន្ថែមទៀត ដល់ពួកគាត់»។

លោកឧកញ៉ាបន្ដថា «អ្នកវិនិយោគិនសព្វថ្ងៃ មកពីក្រៅប្រទេស គឺគេមានទំនុកចិត្ដដោយសារ គេជឿជាក់លើកការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាអ្នកដឹកដ៏ឈ្លាសវៃ ដូច្នេះអ្នកវិនិយោគិន គេចង់មកវិនិយោគ នៅស្រុកយើង ចឹងគេនឹងសំដៅទៅលើសមាគមអភិវឌ្ឍក្នុងស្រុក ដើម្បីស្វែងរកចាប់ដៃគូប្រតិបត្ដិការជាមួយគ្នា ហើយគេស្វែងយល់អំពីផ្លូវច្បាប់ លើវិស័យសំណង់ ដូច្នេះជួលកាលគាត់មកដល់ គាត់អត់ដឹងថា ទៅណាទេ គាត់មកជួបសមាគម ចង់ដឹងពីច្បាប់សាងសង់យ៉ាងម៉េច ត្រូវមានអីខ្លះ ត្រូវបំពេញ ឲ្យស្របទៅផ្លូវច្បាប់ ឲ្យបានត្រឹមត្រូវ ដូច្នេះយើងមានហេតុផលមួយចំនួន ដើម្បីបង្ហាញអ្នកវិនិយោគទាំងនោះ ដើម្បីអូសទាញអ្នកវិនិយោគ ចូលមកក្នុងស្រុកយើងកាន់តែច្រើន ហើយកាលណា អ្នកវិនិយោគនៅក្នុងស្រុកយើង កាន់តែច្រើន ប្រជាពលរដ្ឋ ក៏ដូចជាវិស័យសេដ្ឋកិច្ចជាតិ ក៏រឹងមាំរីកចម្រើនផងដែរ»

លោកឧកញ៉ា បន្ថែមទៀតថា «ហេតុដូចនេះ ក្នុងឆ្នាំ២០១៧នេះ យើងបានដាក់ផែនការ និងយុទ្ធសាស្ដ្រមួយចំនួនទៀត ដើម្បីឲ្យ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា កាន់តែរឹងមាំថែមទៀត រួមមាន ការផ្សព្វផ្សាយឲ្យមជ្ឈដ្ឋាន ឲ្យទទួលស្គាល់សមាគមកាន់តែច្រើន ពិសេស អ្នកវិនិយោគលើវិស័យសំណង់ ឲ្យចូលជាសមាជិកកាន់តែច្រើន, ជួយរកបញ្ហារបស់សមាជិក-សមាជិកាសមាគមឲ្យទាន់ពេលវេលា, បង្កើនវេទិកាធុរកិច្ចសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិស័យអភិវឌ្ឍលំនៅឋាន, ចូលរួមជួយសង្គម លើផ្នែកអប់រំ សុខភាព ចាស់ជរា កុមារកំព្រា ប្រជាជនក្រីក្រ ទៅតាមលទ្ធភាពដែលសមាគមអាចធ្វើទៅបាន ពិសេសយើង នឹងដឹកនាំសមាជិកចូលជួបសម្ដែងការគួរសម សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា»

លោកឧញ៉ាបន្ដថា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានកកើតរយៈពេលមួយឆ្នាំហើយ ដែលដើរតួនាទីដ៏មានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហានានា ជូនសមាជិករបស់ខ្លួន និងប្រជាជនកម្ពុជាយើង ព្រោះការងារតែងតែមានឧបសគ្គ និងបញ្ហាផ្សេងៗ ហើយសមាគម ក៏សហការប្រតិបត្ដិការការងារ ជាមួយនឹងអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីជួយត្រួតពិនិត្យថា ខ្លាចមានអ្នកវិនិយោគខ្លះ មកឆបោកប្រជាពលរដ្ឋយើង ឬហេតុការណ៍ផ្សេងៗ ហើយសមាគមក៏បានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់នូវភាពមិនប្រក្រតីទាំងឡាយណាកុំឲ្យកើតមានឡើងផងដែរ៕