(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យ កម្លាំងជំនាញការិយាល័យ​កណ្តាលនគរបាលព្រហ្មទណ្ឌដឹកនាំកំលាំង ចុះបង្ក្រាប ក្មេងទំនើង ដែលបង្ហោះម៉ូតូតាមដងផ្លូវទី​សារធារណៈដែលធ្វើឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរនៅទីនោះ​មានការភ័យខ្លាច​ជារៀងរាល់ថ្ងៃ បានចំនួន ០៤នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ខ្ញុំបាទបានកោះ​ហៅអាណាព្យាបាលឲ្យ​គាត់មកមើលក្នុងឃ្លីបវិដេអូ​ដែលខ្ញុំបាទចាត់មន្ត្រី​លួចថតសកម្មភាព​កំពុងបង្ហោះជាក់ស្ដែងនូវទង្វើកូនៗ​ពួកគាត់ហើយឲ្យគាត់ធានាយកទៅអប់រំបន្ត»

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការណែនាំ និង​ឲ្យធ្វើកិច្ចសន្យាបញ្ឈប់នូវ​សកម្មភាពនោះទៀត ព្រមទាំឲ្យដោះកង់​មុខទុកនៅកន្លែង​សមត្ថកិច្ច​ដោយខ្លួនឯង។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ រួមមាន៖
ទី១. ឈ្មោះ មុន្នី ពេជ្រសុផានិត អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ (ជិះពីក្រោយ)
ទី២. ឈ្មោះ ចាន់ វិចិត្រ អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)
ទី៣. ឈ្មោះ ហ៊ុល សុភក្រ្តា អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (បើកម៉ូតូ)
ទី៤. ឈ្មោះ ឡង់ ប៉ូលីន អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយ)៕