(កំពង់ឆ្នាំង)៖ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរងការចោទថា បានបើកដៃឲ្យឈ្មួញ គឺក្រុមហ៊ុន ហ្វីអ៊ីខួអិលធីឌី រកស៊ីចាក់ដី កាយដី លប់ប្រឡាយមេទឹករដ្ឋនោះ ស្រាប់តែនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបញ្ជាឲ្យកម្លាំងនគរបាល ចុះឃាត់រថយន្តផ្អាកការចាក់ដីជាបន្ទាន់។

មន្រ្តីអាជ្ញាធរមូលដ្ឋានបានលួចបង្ហើបថា លោក វន ស៊ីផា បានចុះហត្ថលេខាលើឯកសារ អនុញាតឲ្យឈ្មួញចាក់ដីជាច្រើនហិកតា នៅជាប់ផ្លូវជាតិលេខ៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០១៧ ហើយមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ពោលមានរយៈពេល១៦ថ្ងៃហើយ ដែលលោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តមិនបានទទួលឯកសារទាំងនេះផង ដោយលោកអភិបាលស្រុក បានផ្អឹបឯកសារទុកមិនបញ្ជូនឯកសារទៅខេត្តឡើយ។

បើតាមអាជ្ញាធរមូលដ្ឋាន បើសិនមានការចាក់ដីលុបប្រឡាយមួយនេះ នោះផ្ទះប្រជាពលរដ្ឋរាប់សិបខ្នង នៅខាងលើនឹងប្រឈមការលិចទឹកជាក់ជាមិនខានឡើយ តែព័ត៌មាននេះ បានដឹងដល់អភិបាលខេត្ត ទើបលោកបានបញ្ជាឲ្យកម្លាំងនគរបាលចុះទៅឃាត់រថយន្តតែម្តង។

យ៉ាងណាក៏ដោយ ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅតែមានការព្រួយបារម្ភខ្លាចថា វិធានការទប់ស្កាត់នេះមិនមានប្រសិទ្ធភាព។

អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នៅមិនទាន់អាចសុំការបកស្រាយពីអភិបាលស្រុកសាមគ្គីមានជ័យនៅឡើយទេចំពោះការចោទប្រកាន់ខាងលើនេះ៕