(សិង្ហបូរី)៖ រដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន ប្រគល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន និងផ្ទះស្នាក់អាស៊ាន ៨រង្វាន់ដល់កម្ពុជា។​ ពិធីប្រគល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន និងផ្ទះស្នាក់អាស៊ាន ត្រូវបានរៀបចំឡើង នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០១៧នេះ។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពទេសចរណ៍ សេវាកម្ម សម្បទា និងធនធានមនុស្ស ព្រមជាមួយការយកចិត្តទុកដាក់លើតម្រូវការ លទ្ធភាព និងសក្តានុពលសម្បូណ៌បែប នៃវប្បធម៌របស់ប្រទេសអាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ ដោយបានផ្តោតលើការចូលរួម និងផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន ក្នុងទេសចរណ៍។

​ក្នុងនោះរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានផ្តល់រង្វាន់សហគមន៍ទេសចរណ៍អាស៊ាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២៦ ក្នុងនោះសហគមទេសចរណ៍ កម្ពុជាចំនួន០៣៖ ទី១៖ ​សហគមជីផាត​ (កោះកុង), ទី២៖ កោះទ្រង់ (ក្រចេះ) និងទី៣៖ ចំបក់ (កំពង់ស្ពឺ) ដោយឡែកផ្ទះស្នាក់អាស៊ានចំនួន២៨ ក្នុងនោះផ្ទះស្នាក់កម្ពុជា ចំនួន០៥៖ ​ទី១៖ ផ្ទះស្នាក់ Khmer Homestay មកពីខេត្តកំពង់ធំ, ទី២៖ ផ្ទះស្នាក់ ស៊ិម ហឹម មកពីខេត្តកំពត, ទី៣៖ ផ្ទះស្នាក់ គង់ ស័យ មកពីខេត្តកំពង់ស្ពឺ, ទី៤៖ ផ្ទះស្នាក់ សៀង ចាន់ណា មកពីខេត្តសៀមរាប និងទី៥៖ ផ្ទះស្នាក់អៀ សុទ្ធី មកពីខេត្តកោះកុង​៕