(សិង្ហបុរី)៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣​​​ លើក​ទី១៦ (អាស៊ាន​-ចិន​ អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ) បានបញ្ចប់ហើយ ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃទី២០​ ខែមករា ឆ្នាំ​២០១៧ ប្រទេសសឹង្ហបុរី​។ ​

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានវាយតម្លៃខ្ពស់ចំពោះ​៖

ទី១៖ ការកើនឡើង នៃចំនួនទេសចរអន្តរជាតិ មកកាន់តំបន់អាស៊ានបូកបី ដោយទទួលបានទេសចរអន្តរជាតិចំនួន១៧១​,៦ លាននាក់ កើន​១០,៥ភាគរយ

ទី២៖ ការស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី និងគាំទ្រពេញទំហឹង លើការអនុវត្តអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ អាស៊ានបូកបី (Memorandum of Cooperation-MOC- on ASEAN Plus Three Tourism Cooperation) ហើយលើកទឹកចិត្ត ដល់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ានបូកបី

ទី៣៖ កោតសរសើរចំពោះវឌ្ឍនភាព នៃការអនុវត្ត ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ទេសចរណ៍អាស៊ានបូកបី ២០១៣-២០១៧ ហើយស្វាគមន៍ចំពោះការរៀបចំផែនការ អនុវត្តបន្តសម្រាប់ឆ្នាំ ២០១៨-២០២០

ទី៤៖ កោតសរសើរដល់ប្រទេសចិន​​ ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារចិន ពិសេសការអបអរសាទរ «ឆ្នាំ២០១៧​ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន» ដែលគ្រោងនឹងរៀបចំពិធីបើកជាផ្លូវការ នៅប្រទេសហ្វីលីពីន នាខែមីនាខាងមុខនេះ

ទី៥៖ កោតសរសើរដល់ប្រទេសជប៉ុន ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារជប៉ុន ពិសេសការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន ​Visit ASEAN50

ទី៦៖ កោតសរសើរដល់ប្រទេសកូរ៉េ ដែលបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន នៅលើទីផ្សារកូរ៉េ ដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងសិក្ខាសាលានានា។

ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានស្នើកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាទេសចរណ៍ នៃតំបន់អាស៊ានបូកបី ស្តីពីការពង្រឹងសមត្ថភាព នៃការបកស្រាយរបស់មគ្គុទេសក៏ទេសចរណ៍ (APT Tourism​ Workshop on Interpretation of Tourist Guides) ក្នុងឆ្នាំ២០១៨ និងសិក្ខាសាលាស្តីពី លទ្ធភាពក្នុងការសំរួលទិដ្ឋាការ រវាងតំបន់អាស៊ានបូកបី (Workshop on the Possibility for Visa Facilitation among the APT countries) ក្នុងឆ្នាំ២០១៩។

សូមបញ្ជាក់ថា ឆ្នាំ២០១៦ តំបន់អាស៊ានបូកបី ទទួលបានទេសច​រអន្តរជាតិចំនួន១៧១​,៦ លាននាក់ កើន​១០,៥ភាគរយ។ ​ក្នុងឆ្នាំ២០១៥ ទេសចរពីប្រទេសអាស៊ានបូក៣​ (ប្រទេសចិន ជប៉ុន កូរ៉េ) មកទស្សនាតំបន់អាស៊ាន មានប្រមាណ​២៩​លាននាក់​ កើនប្រមាណ៣០ភាគរយ រីឯទេសចរអាស៊ាន ដែលបានទៅទស្សនាប្រទេសអាស៊ានបូកបី មានចំនួន​ជាង ១០.២​លាននាក់ កើនប្រមាណ៧ភាគរយ៕