(កាតា)៖ កម្មករសំណង់ដែលជាជនជាតិអង់គ្លេស ១រូបបានធ្លាក់ស្លាប់ នៅពេលកំពុងធ្វើការសាងសង់ពហុកីឡដ្ឋានជាតិ នៅប្រទេសកាតា ត្រៀមការប្រកួត​បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នេះបើយោងតាមសំដីអ្នកគ្រប់គ្រងការដ្ឋាន ថ្លែងប្រាប់ AP នៅមុននេះបន្តិច។

អ្នកគ្រប់គ្រងខាងលើបានបន្តថា បុរសវ័យ៤០ឆ្នាំ ដែលមិនត្រូវបានគេស្គាល់ឈ្មោះបានធ្លាក់ពីអគារពហុកីឡដ្ឋានបាល់ ទាត់ដែលមានឈ្មោះថា Khalifa ស្ថិតក្នុងទីក្រុង ដូហា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយប្រទេសកាតាបានបញ្ជាក់ថា «ក្រុមអាជ្ញាធរបានទៅកាន់កន្លែងកើតហេតុ ភ្លាមៗ និងធ្វើការជូនដំណឹង​ចំពោះ​ការបម្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ដែលបានកើត គ្រាដែលគណៈគ្រប់គ្រង ជាន់ខ្ពស់បានចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសព»

សូមបញ្ជាក់ថា ពហុកីឡដ្ឋាន Khalifa International Stadium ជាពហុកីឡដ្ឋានធំលំដាប់ទី២ របស់ប្រទេសកាតា ស្ថិតក្នុងទីក្រុង Doha សាងសង់ឡើងត្រៀមប្រកួត​បាល់ទាត់ពិភពលោក World Cup 2022 ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់ទៅចំនួន ៦៨០៣០នាក់ ប្រើសម្រាប់ប្រកួតសន្សំពិន្ទុក្នុងពូល និងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រជាដើម ក្នុងចំណោម ១២ពហុកីឡដ្ឋានដែលប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកទី១៕