(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ​បើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ ធនធាន​មនុស្សខេត្ត លើកទី៥ និងផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការរៀបចំយន្តការការគាំទ្រការអភិវឌ្ឍន៍ធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលា​ខេត្តបន្ទាយ​មានជ័យ។

លោក សួន បវរ បានលើកឡើងថា មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស សាលាខេត្តនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការបណ្តុះបណ្តាលមន្ត្រីជំនាញ មន្ត្រីបង្គោលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ដើម្បីបំពេញបន្ថែម នូវសមត្ថភាពការងារ តាមរយៈការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី មធ្យមជាដើម។

​ក្នុងនាម​លោកអភិបាលខេត្ត គាំទ្រយ៉ាងពេញទំហឹងឲ្យមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនេះមានដំណើរ ប្រតិបត្តិការល្អ និងមាននិរន្តភាព ប្រសិទ្ធភាព ដើម្បីកសាងធនធាន​មនុស្ស មន្ត្រីជំនាញឲ្យមានសមត្ថភាពខ្ពស់ សម្រាប់បំពេញការងារ។

ក្នុងឱកាសនោះដែរ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស រដ្ឋបាលថ្នាក់ជាតិ បានលើកឡើងថា ធនធានមន្ត្រីរាជការ នៅតាមបណ្តារាជធានី ខេត្តនៅ​មាន​កម្រិតនៅឡើយ ក្នុងការងារបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីឲ្យការរៀបចំយន្តការគាំទ្រការអភិវឌ្ឍន៍ធនធានមនុស្ស នៅថ្នាក់ក្រោមជាតិ គឺគណៈកម្មាធិការ​ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលក្នុងការបំពេញការងារខ្លួន៕