(កោះកុង)៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់អគ្គនាយដ្ឋានពន្ធដារ និងគោលការណ៍របស់រាជរដ្ឋាភិបាល លើការប្រមូលពន្ធចូលថវិការដ្ឋ ឲ្យមានកំណើនខ្ពស់នោះ នៅថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៧ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ​ពន្ធមធ្យោបាយទៅលើយានជំនិះគ្រប់ប្រភេទ។

ការអនុវត្តន៍ត្រួតពិនិត្យពន្ធទៅលើយានជំនិះគ្រប់ប្រភេទនេះ ត្រូវបានធ្វើឡើងនៅលើដងផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក ឡុក ស៊ីប៉ូ បានថ្លែងឲ្យដឹងថា «សាខាបានធ្វើសេចក្តីជូនដំណឹង ជាសាធារណៈជាច្រើនខែមកហើយ ឲ្យម្ចាស់យានយន្តចូលទៅបង់ផ្លូវ ទៅលើរថយន្ត​របស់ខ្លួនគ្រប់​ប្រភេទដោយមានកំណត់ថ្ងៃខែច្បាស់លាស់»

លោកបានបន្តថា ក្រោយហួសថ្ងៃខែជូនដំណឹង លោកក៏បានចុះអនុវត្តន៍បន្តត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទបន្តទៀត ហើយក្នុងការអនុវត្តន៍ សាខាពន្ធដារ បានត្រួតពិនិត្យជារៀងរាល់ថ្ងៃដោយប្រើរយៈ១ខែកន្លះ។

លោកបានបញ្ជាក់ថា «ការចុះត្រួតពិនិត្យ និងពង្រឹងពន្ធថ្ងៃនេះ គឺកម្លាំងយើងពិនិត្យទាំងអស់ ទាំងរថយន្តធំ ទាំងរថយន្តតូច។ល។ ដោយមិនថា អ្នកធំ ឬអ្នកតូចឡើយ»។

លោក ឡុង ស៊ីប៉ូ បានបន្តទៀតថា «ការចុះអនុវត្តន៍ត្រួតពិនិត្យពន្ធនេះ បើរថយន្តណាមួយ មិនមានឃើញបង់ពន្ធនោះ គឺជំនាញយើង​ឲ្យគាត់បង់ពន្ធ​នៅនឹងកន្លែង​នេះតែម្តង ព្រោះជាគោលការណ៍ចាំបាច់របស់សាខាពន្ធដារ»