(ភ្នំពេញ)៖ ដោយមានការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២សប្ដាហ៍ ដើមឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យស្នងការ​នគរបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងលើការអនុវត្ត​ និងពង្រឹងសមត្ថភាព គុណភាព លើការអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ​នេត សាវឿន បានធ្វើឡើង ក្នុងកិច្ចប្រជុំបង្កើនវិធានការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ​។

​នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់​ថា «នាពេលនេះ បញ្ហាដែលត្រូវប្រឈមគឺ ការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ ស្ថានភាពចរាចរណ៍ ដូចជាការកកស្ទះចរាចរណ៍ ការបាត់សណ្ដាប់ធ្នាប់ ដូចនេះត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេស ការបែងចែកកងកម្លាំងទៅតាមពេលវេលា និងគោលដៅ ឲ្យបានច្បាស់លាស់»

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមនឹងអង្គភាព ស្ថាប័នពាក់ព័ន្ធ ចុះ​អប់រំ ណែនាំ ជួប​ជាប្រចាំជាមួយមុខសញ្ញា ដែលងាយគ្រោះថ្នាក់ចរាចរណ៍ រួមមាន រថយន្តដឹកម្មករ-កម្មការិនី រថយន្តដឹកអ្នកដំណើរ ជាពិសេស អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងកែប្រែឥរិយាបថ កងកម្លាំងនគរបាល ប្រសិនបើមានមន្រ្តីនគរបាលណា ដែលប្រព្រឹត្តិខុសច្បាប់ ត្រូវអនុវត្តទៅតាមច្បាប់​។

តាមរបាយការណ៍របស់អនុកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់បានកើតឡើង ១៦៦លើក (ពេលយប់ ៥៤ភាគរយ) ក្នុងមួយថ្ងៃមានចំនួន​១១.៨លើក ស្លាប់ចំនួន​៨០នាក់ (អ្នកជិះម៉ូតូ ៧៨ភាគរយ) ក្នុងមួយថ្ងៃស្លាប់មានចំនួន ៥.៧នាក់ របួសចំនួន​២៥២នាក់ ក្នុងមួយថ្ងៃមានចំនួន​១៨នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់កើនឡើង ១៩លើក ស្មើ ១១ភាគរយ ស្លាប់​៨០នាក់ ស្មើគ្នា និងរបួសថយចុះ ១១៤នាក់ ស្មើ​៤៥ភាគរយ។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ រួមមានល្បឿន​៣១ភាគរយ ស្រវឹង​១៣ភាគរយ មិនគោរពសិទ្ធិ១៣ភាគរយ (ការបំពានច្បាប់) បត់​១៤ភាគរយ ជែង​១១ភាគរយ (ការធ្វេសប្រហែស) មិនប្រកាន់ស្ដាំ ១២ភាគរយ (ការមិនយល់ដឹងច្បាប់)​។

គួរបញ្ជាក់ដែរថា ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រគ​ល់​ឧបករណ៍​សម្រាប់​វាស់​ល្បឿន ដល់នាយកដ្ឋាន និងបណ្ដាលស្នងការដ្ឋាននគរបាលខេត្ត មួយចំនួន សរុប​១០​គ្រឿង ដើម្បី​សម្រួល​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផងដែរ​៕