(ភ្នំពេញ)៖ នាយចេក តារាកំប្លែងជើងចាស់ ដែលកំពុងជួបទុក្ខផ្ទួនៗគ្នានោះ ដោយភរិយាមានជំងឺត្រូវវះកាត់ រីឯម្តាយបង្កើតជរា មានជំងឺបេះដូងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល​ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានការឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ពិធីប្រគល់អំណោយមនុស្សធម៌នេះ​ ធ្វើឡើងតាមរយៈ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

នាយចេក ឬហៅថា​ តាចេក មានឈ្មោះដើម ឈុំ ប៊ុនឈឿន មានវ័យ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយពីទទួលបានការសណ្តោសប្រណី ពីកាកបាទក្រហមកម្ពុជា លោកបានលើកដៃសំពះអរគុណទាំងក្តីរំភើបចិត្ត ឥតឧបមាព្រោះ មាតាមនុស្សធម៌គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះ សិល្បករ-សិល្បការិនី​ ជើងចាស់ ដែលបានរួមចំណែកអភិរក្ស នូវវិស័យសិល្បៈ វប្បធម៌ខ្មែរ​ និងបានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់យុវជនខ្មែរ ជំនាន់ក្រោយៗទៀត​ រៀនសូត្រតាម៕