(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានចុះ​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែ ដែលទើបស្ថាបនារួច ក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ។

ផ្លូវបេតុងថ្មី១ខ្សែដែលទើបស្ថាបនារួច ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៦ មានប្រវែង៣៦៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ។ លោកអភិបាលខណ្ឌ បានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើង អំពីការអភិវឌ្ឍនានាក្នុងមូលដ្ឋាន ក៏ដូចជានៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចតែងបានយកចិត្តទុកដាក់ថែរក្សា បាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ តួយ៉ាងផ្លូវបេតុងថ្មីមួយខ្សែនេះ ជាសក្ខីភាពស្រាប់។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលតែងបានគិតគូដល់ការលំបាករបស់ពួកគាត់ និងស្ថាបនាផ្លូវបេតុងថ្មី១ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមានផាសុខភាពក្នុងការរស់នៅ៕