(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើដល់មន្ត្រីជំនាញនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ គ្រប់គ្រងកន្លែងសត្តឃាត ដែលកំពុងប្រកបរបររកស៉ីសម្លាប់សត្វ ក្នុងរាជធានីភ្នំពេញ ឲ្យមានច្បាប់ត្រឹមត្រូវ មិនត្រូវបើកដោយអត់ច្បាប់នោះទេ។

លោក ប៉ា សុជាតិវង្ស បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូនមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ចំនួន​១៧៥រូប នៅព្រឹកថ្ងៃទី១៩ខែមករានេះ។​

ការស្នើរបស់លោក ប៉ា សុជាតិវង្ស បន្ទាប់ពីមើលឃើញថា មានកន្លែងសត្តឃាតមួយចំនួន កំពុងបើករកស៉ីសម្លាប់សត្វ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ពាក់ព័ន្ឋព្រៃឈើ លោកអភិបាលបានលើកឡើងថា ភ្នំពេញមិនមានព្រៃឈើកាប់នោះទេ ប៉ុន្តែភ្នំពេញមានឈើឆ្លងកាត់ច្រើនណាស់។

លោកបានលើកឡើងថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងផងដែរថា ការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខបងប្អូន ជាពិសេសបន្ទាប់ពីខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ត្រូវបានធ្វើសមាហរណកម្ម ចំណុះមន្ទីរកសិកម្ម។

លោកបានបន្តថា ទន្ទឹមនេះក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឲ្យថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាព ការងារបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ កំណត់ភារកិច្ចឱ្យបានច្បាស់លាស់ឡើងវិញ ឱ្យមានរបៀបរបបការងារ របបប្រជុំត្រួតពិនិត្យការងារត្រឹមត្រូវ ដើម្បីឱ្យការងាររឹងមាំ និងសាមគ្គីភាពផ្ទៃក្នុង។

ជាងនេះទៀត ការិយាល័យជំនាញនីមួយៗ​ ត្រូវស្វែងយល់ និងមានផែនការសកម្មភាព ឲ្យបានច្បាស់លាស់ និងជម្រុញអនុវត្តឲ្យបានជាប់ជាប្រចាំ។

លោកសង្ឃឹមថា​ បងប្អូនមន្ត្រីរាជការនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទរាជធានី នឹងខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន​ ដើម្បីលើកកម្ពស់ជីវភាព ឲ្យមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល៕