(ភ្នំពេញ)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបើកវគ្គបណ្តុះបណ្តាលបន្ថែម ដល់មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក ស្តីពីកិច្ចប្រតិបត្តិការត្រួតពិនិត្យល្បឿន ការប្រើប្រាស់ឧបករណ៍ និងការថែទាំង ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងមន្រ្តីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មកពី៧ខេត្ត មានខេត្តកំពង់ចាម ស្ទឹងត្រែង រតនគីរី កែប កោះកុង ប៉ៃលិន និងកំពង់ឆ្នាំង ចំនួន១៥នាក់។

វគ្គបណ្តុះបណ្តាលរៀបចំឡើង ក្នុងគោលបំណង៖

* ពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ឧបករណ៍ ត្រួតពិនិត្យល្បឿនស្វ័យប្រវត្តិ ដោយពុំមានមន្រ្តីចាំបញ្ជាឧបករណ៍។
* ត្រួតពិនិត្យបទល្មើសចរាចរណ៍ ដោយប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិ បំពាក់តាមដងផ្លូវ ដែលអាចឲ្យនគរបាលចរាចរណ៍ ដឹងពីអត្តសញ្ញាណយានយន្ត និងជនល្មើសភ្លាមៗ។
* ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កដោយការបើកបរល្មើសល្បឿន កំណត់លើផ្លូវជាតិ។

ក្នុងវគ្គបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ សូមអំពាវនាវដល់អ្នកបើកបរគ្រប់រូប កុំបើកបរល្មើសល្បឿនកំណត់ ទាំងក្នុងនិងក្រៅតំបន់ទីប្រជុំជន។ ករណីល្មើស មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នឹងឃាត់ធ្វើពិន័យតាមអនុក្រឹត្យលេខ៨៥ ស្តីពីការពិន័យអន្តរការ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក៕