(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីកម្ពុជា បានបង្ហោះរូបភាព​ជាច្រើនសន្លឹកនៅលើ Facebook ផ្លូវការសម្តេចមុននេះបន្តិច។

រូបភាពជាច្រើនសន្លឹកនោះ បានបង្ហាញពីសកម្មភាពរបស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើនរូបចូលរួម នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ក្រោមអាកាសធាតុត្រជាក់ខ្លាំង-១៦អង្សា។

យោងតាម Facebook ផ្លូវការសម្តេចតេជោ បានបង្ហោះយ៉ាងដូច្នេះថា «ពេលនេះខ្ញុំកំពុងស្នាក់នៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ធាតុអាកាសនៅទីនេះគឺត្រជាក់ខ្លាំង (-១៦)»
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលបីថ្ងៃនេះ សម្តេចនិងគណៈប្រតិភូ នឹងមានការរវល់ច្រើន នៅក្នុង កិច្ចប្រជុំ រួមទាំងជំនួបទ្វេភាគីជាមួយប្រមុខដឹកនាំប្រទេសមួយចំនួន ជាពិសេសគឺក្នុងការត្រៀមរៀបចំ វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕