(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យវះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដោយឥតគិតថ្លៃ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា​ ឆ្នាំ២០១៧ខាងមុខនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូ ចុះបើកកម្មវិធីពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមប្រធានបទ «ដំណើរនៃពន្លឺ»។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសម្ដែងនូវ​ក្តីសោមនស្សរីករាយ ​​ថ្លែងនូវអំណរគុណ ចំពោះ​រដ្ឋបាល​ខេត្តហៃណាន នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ដែលបាន​​ចាត់​​​​បញ្ជូន​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះ​ម​កបំពេញ​​បេសកកម្ម​មនុស្ស​​ធម៌នៅកម្ពុជា ជាពិសេសបាន​ជ្រើស​​រើសខេត្ត​សៀមរាប ធ្វើជាគោលដៅសម្រាប់ការពិនិត្យ វះកាត់ និង​ព្យា​បាល​ជំងឺភ្នែកឡើងបាយ​។

បន្ថែមពីនេះ លោកអភិបាលខេត្ត ​ដល់សប្បុរសជននៃខេត្តហៃណាន​ទាំង​អស់ ​​​ដែល​បានយកចិត្តទុក ដាក់បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុង​បុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមាន​ប្រកាន់​ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

សូមរំលឹកថាខេត្តសៀមរាប និងខេត្តហៃណាន បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។ ផ្តើមចេញពីទំនាក់ទំនងនេះ ខេត្ត​ទាំងពីរ ពូនជ្រុំនូវទំនាក់ទំនងរវាគ្នានឹងគ្នា កាន់តែល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងចេះជួយគ្នាលើសកម្មភាពមនុស្សធម៌ជាដើម។

ជាក់ស្តែង ជាសក្ខីភាពបង្ហាញថាថ្ងៃនេះ ខេត្តសៀមរាប​បានទទួលប្រតិភូ និងក្រុមគ្រូពេទ្យ​​មកពីខេត្តហៃណាន ដែលអញ្ជើញមកធ្វើការ ពិនិត្យ វះកាត់ និង​ព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ​នា​ឱកាសប្រកបដោយរីករាយ​ នៃប្រជាពលរដ្ឋមកពីគ្រប់​តំបន់​ជនបទដាច់ស្រយាលនានា យ៉ាងច្រើនកុះករ ដែល​មកទទួល សេវាដ៏ល្អ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តជា​ជនជាតិចិន​៕