(ភ្នំពេញ)៖ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះថា នៅឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត មានចំនួន ៥,៦០៩លើក បណ្ដាលឲ្យកម្មករស្លាប់ ១០៣នាក់ និងរងរបួសធ្ងន់/ស្រាល ជាង៧ពាន់នាក់ ថយចុះ១៤ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

លោក អ៊ុក សមវិទ្យា លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារឆ្នាំ២០១៦ របស់ក្រុមការងារសុវត្ថិភាពផ្លូវគោក សម្រាប់គាំពាកម្មករនិយោជិត (ស.ផ.ក) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងអង្គការជាតិ/អន្តរជាតិ តំណាងសហគ្រាស គ្រឹះស្ថាន និងសហជីពមូលដ្ឋាន នាទីស្នាក់កណ្ដាល ប.ស.ស។

លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា «គ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករ ក្នុងឆ្នាំ២០១៦ ថយចុះ១៤ភាគរយ បើធៀបនឹងឆ្នាំ២០១៥ កើតឡើង ៥,៦០៩លើក មានកម្មករនិយោជិតគ្រោះថ្នាក់ចំនួន ៧,៤៤៦នាក់ ក្នុងនោះរងរបួសធ្ងន់ស្រាល ៧,៣៤៣នាក់ និងស្លាប់ ១០៣នាក់»

តាមរបាយការណ៍របស់ក្រុមការងារ ស.ផ.ក បានបង្ហាញថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរហួសល្បឿងកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរក្នុងស្ថានភាពស្រវឹង បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រកាន់ស្ដាំ និងបើកបរមិនអធ្យាស្រ័យគ្នាជាដើម។

ឆ្លើយតបនឹងការថយចុះខាងលើ ក្រុមការងារ ស.ផ.ក បានប្រជុំការងារចំនួន ៦លើក និងបានអនុវត្តភារកិច្ច តាមផែនការដែលគ្រោងទុក ដោយបានចុះផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត នៅរាជធានី-ខេត្ត បានចំនួន ១៣៧លើក ស្មើនឹង ១៥៤រោងចក្រ មានអ្នកចូលរួមចំនួន ២៦,៤១០នាក់ ក្នុងនោះមានអ្នកបើកបរដឹកកម្មករចំនួន ១,៤៨៨នាក់។

ប.ស.ស ក៏បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បណ្ដុះបណ្ដាលសហព័ន្ធសហជីព និងបុគ្គលិកសហជីពមូលដ្ឋាន បានចំនួន ៥លើក ស្មើនឹង២៩៦នាក់ បានសហការជាមួយក្រសួងសុខាភិបាល បណ្ដុះបណ្ដាលភ្នាក់ងារសង្គ្រោះបឋមចំនួន ២លើក ស្មើនឹង១០០នាក់៕